(ទ្រីប៉ូលី)៖ ពេលនេះកងទ័ពលីប៊ីខាងកើត (ទីក្រុងប៊ែងហ្គាស៊ី) ត្រូវបានគេរាយការណ៍ថា កំពុងតែគ្រប់គ្រងទឹកដីភាគច្រើនបំផុតរបស់ប្រទេសលីប៊ី ខណៈដែលជម្លោះប្រដាប់អាវុធ ជាមួយរដ្ឋាភិបាលលីប៊ីខាងលិច (ទីក្រុងទ្រីប៉ូលី) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ស្ងប់ស្ងាត់ក្រោយបទផ្អាកការបាញ់គ្នា ចាប់តាំងពីថ្ងៃទី១២ ខែមករា មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកនាំពាក្យយោធាលីប៊ីភាគខាងកើតលោក អាហ៍ម៉េដ អាល់ មីស្មារី (Ahmad al-Mismari) បានធ្វើការគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៊ែងហ្គាស៊ីយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធអារ៉ាប់លីប៊ី (LAAF) កំពុងគ្រប់គ្រងទឹកដីប្រទេសលីប៊ី ៩៩% គិតទាំងទឹកដីដែលកងទ័ពយើងកំពុងឈរជើង និងទឹកដីដែលស្ថិតនៅក្នុងរង្វង់ នៃការគ្រប់គ្រងដោយទ័ពអាកាស និងកាំភ្លើងធំរបស់យើង»។
កងទ័ពលីប៊ីខាងកើតដែលត្រូវបានគេជឿជាក់ថា មានរុស្ស៊ីជាខ្នងបង្អែកនោះបានអះអាងថា ខ្លួនតែងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងផ្អាកការបាញ់បោះដាក់គ្នា ប៉ុន្តែពួកគេនៅតែមានសិទ្ធិក្នុងការត្រៀមខ្លួន នៅពេលកិច្ចព្រមព្រៀងត្រូវបានបំពាន ដូចដែលជម្លោះរវាងកងទ័ពលីប៊ីខាងកើត និងក្រុមភេរវករតែងតែកើតមានឡើងនោះដែរ។
គួរបញ្ជាក់តាមមន្ត្រីលីប៊ីខាងកើតបានពន្យល់ថា បញ្ហាស្នូលនៃប្រទេសលីប៊ីទាំងមូល គឺមិនមែនសេដ្ឋកិច្ច ឬក៏នយោបាយនោះឡើយ ប៉ុន្តែគឺបញ្ហាសន្តិសុខជារួម ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ និងពួកភេរវករ ដែលពួកគេកំពុងគ្រប់គ្រងតំបន់សំខាន់ៗមួយចំនួន ក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ ដូច្នេះកងទ័ពលីប៊ីខាងកើត (ទីក្រុងប៊ែងហ្គាស៊ី) ប្តេជ្ញាគ្រប់គ្រងអាវុធឲ្យបានទាំងអស់នៅទូទាំងប្រទេស៕