(សិង្ហបុរី)៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៥០នាក់ហើយគិតត្រឹមល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង ខណៈអាជ្ញាធរទើបរកឃើញអ្នកឆ្លងថ្មី ០៣នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ CNA។
ក្រៅពីចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ អាជ្ញាធរសិង្ហបុរីក៏បានបញ្ជាក់ផងដែរថា អ្នកជាសះស្បើយពីជំងឺសរុប ១៥នាក់ហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ខណៈអ្នកជំងឺផ្សេងៗទៀតកំពុងតែទទួលការព្យាបាល និងភាគច្រើនមានស្ថានភាពល្អ ដែលអាចនឹងជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ។ បន្ថែមពីនេះមនុស្សប្រមាណ ១២៥នាក់កំពុងស្ថិតក្នុងការពិនិត្យតាមដាន ដោយសង្ស័យថា ពួកគេអាចមានផ្ទុកវីរុស COVID-19 ឬកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពដើមពីទីក្រុងវូហាន (Wuhan) របស់ចិន។
គួរបញ្ជាក់ថា សម្រាប់០៣ករណីចុងក្រោយនៃការឆ្លងវីរុស COVID-19 គឺមានបុរសអាយុ ៣៤ឆ្នាំម្នាក់ និង ៤៦ម្នាក់ដែលជាបុគ្គលិកបម្រើការងារឲ្យព្រះវិហារមួយ។ ដោយឡែកអ្នកឆ្លងទី ៣ វិញគឺជាបុគ្គលិករបស់ធនាគារ DBS ដែលក្រោយការទទួលដំណឹងថា មានបុគ្គលិកខ្លួន ឆ្លងវីរុសកូរ៉ូណាថ្មីបែបនេះ ផ្នែកគ្រប់គ្រងធនាគារបានតម្រូវឲ្យបុគ្គលិកមួយចំនួនធ្វើការពីផ្ទះ និងខ្លះត្រូវធ្វើតេស្តដើម្បីរកមើលវីរុស COVID-19 ដោយក្រុមជំនាញវេជ្ជសាស្ត្រ៕