(តៃប៉ិ)៖ កោះតៃវ៉ាន់បានអះអាងថា យន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿងបានហោះក្បែរៗកោះតៃវ៉ាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រ នៅក្បែរកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ទោះបីជាចិនមិនពេញចិត្ត និងធ្វើការព្រមានជាច្រើនដងក៏ដោយអំពីទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏គ្រប់គ្នាបានដឹងថាអាមេរិក គឺនៅតែជាអ្នកជួយពីក្រោយខ្នង ដ៏សំខាន់បំផុតចំពោះកោះតៃវ៉ាន់។ តៃវ៉ាន់ និងអាមេរិកគ្មានទំនាក់ទំនងការទូតផ្លូវការនោះទេ តែសព្វាវុធដែលកោះតៃវ៉ាន់ប្រើប្រាស់ គឺទិញពីសហរដ្ឋអាមេរិកភាគច្រើនតែម្តង។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំងរបស់ខ្លួន ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ដែលបានហោះជុំវិញដែនកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិន J-11 និងយន្ដហោះទម្លាក់គ្រាប់បែក H-6 បានហោះចូលក្នុងដែនអាកាសនៃច្រកសមុទ្របាស៊ី (Bashi) ឆ្ពោះទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយបន្ទាប់មកបានហោះចេញឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក មុននឹងត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ កាត់តាមច្រកសមុទ្រ មីយ៉ាកុ (Miyako Strait) ដែលមានទីតាំងស្ថិតនៅចន្លោះកោះ Miyako និងអូគីណាវ៉ា (Okinawa) របស់ជប៉ុន និងភាគឦសានកោះតៃវ៉ាន់។
លើសពីនេះទៅទៀត ជាការឆ្លើយតបកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំង F-16 មួយគ្រឿង ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ខណៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក៏បានបញ្ចេញរូបភាពយន្ដហោះ F-16 មានបំពាក់ដោយគ្រាប់មីស៊ីល ហោះតាមពីក្រោយយន្ដហោះទម្លាក់គ្រាប់បែក H-6 មួយគ្រឿងផងដែរ។
គួរជម្រាបថា ក្រសួងការពារជាតិតៃវ៉ាន់បានចាត់ទុកថា សកម្មភាពយន្ដហោះចម្បាំងចិន គឺជាការគំរាមកំហែងមួយដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។ ប៉ុន្តែខាងយោធាចិនអះអាងថា វាគ្រាន់តែជាដឹកនាំសមយុទ្ធ និងហោះល្បាតជាទម្លាប់ធម្មតា ក្នុងគោលបំណងត្រៀមលក្ខណៈការពារច្រកសមុទ្រ និងដែនអធិបតេយ្យភាពជាតិតែប៉ុណ្ណោះ ពីការគំរាមកំហែងនានាតែប៉ុណ្ណោះ៕