(សិង្ហបុរី)៖ ធនាគារ DBS នៅថ្ងៃពុធនេះបានទទួលស្គាល់ថា បុគ្គលិករបស់ខ្លួនម្នាក់បានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដោយជំរុញឱ្យធនាគារត្រូវចាត់វិធានការចាំបាច់មួយចំនួន ក្នុងនោះរួមមានទាំងតម្រូវឱ្យបុគ្គលិកខ្លះធ្វើការងារពីផ្ទះជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ DBS បានឱ្យដឹងទៀតថា បុគ្គលិកម្នាក់ខាងលើ ត្រូវបានធ្វើគេតេស្ដកាលពីថ្ងៃអង្គារដោយបានរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ហើយខាងធនាគារបានទទួលស្គាល់ព័ត៌មាននេះ នៅព្រឹកថ្ងៃពុធនេះតែម្ដង។ DBS បានបន្ថែមយ៉ាងដូច្នេះថា «ជាការចាត់វិធានការទប់ស្កាត់ យើងបានតម្រូវឱ្យបុគ្គលិករបស់យើងខ្លះ ដែលបម្រើការងារក្នុងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ ម៉ារីណាបេយ Tower 3 (Marina Bay Financial Centre Tower 3) អាចធ្វើការមកពីផ្ទះបានជាបណ្ដោះអាសន្នសិន ហើយយើងនឹងផ្ដល់ការគាំទ្រនានាដល់បុគ្គលិកដែលឆ្លងវីរុស និងក្រុមគ្រួសាររបស់គាត់»។
គួរជម្រាបថា មកទល់នឹងពេលបច្ចុប្បន្ន នៅក្នុងប្រទេសសិង្ហបុរីមានមនុស្សសរុប ៤៧នាក់ បានឆ្លងវីរុសកូរ៉ូណា COVID-19 ហើយ ០៩នាក់បានជាសះស្បើយ។ ដោយឡែកគណៈកម្មការសុខាភិបាលចិន បានបញ្ចេញនូវរបាយការណ៍ថ្មីនៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់ ១,១១០នាក់ និងឆ្លងជាង ៤៤,២០០នាក់៕