Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាអូស្ត្រាលី នឹងផ្ដល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទឹកជំនន់ ខណៈព្យុះស៊ីក្លូន បក់បោកទៅតំបន់ឆ្នេរភាគខាងកើត (Video inside)

12-02-2020 15:07

(ស៊ីដនី)៖ ខណៈផ្ទះសម្បែង និងអាជីវកម្មជាច្រើនកន្លែង បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គីសនី Ausgrid បានស្នើសុំជំនួយពីយោធា ដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួសជុលបណ្ដាញអគ្គិសនីឡើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងប្រាប់សារព័ត៌មាន Sky News នាព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងថាមពល និងបរិស្ថាននៃរដ្ឋ New South Wales លោក Matt Kean បានបញ្ជាក់ថាពិតជាមាន សំណើស្នើសុំជំនួយពីយោធា ប្រាកដមែន។ លោក Kean ឱ្យដឹងដូច្នេះថា៖ «នាយកប្រតិបត្តិក្រុមហ៊ុន Ausgrid បានលើករឿងនេះជាមួយខ្ញុំ កាលពីម្សិលមិញ ហើយជាការពិតខ្ញុំគាំទ្រវាយ៉ាងពេញទំហឹង» ។ លោក បន្តទៀតថា រដ្ឋាភិបាលនឹងពន្លឿនការស្នើសុំនេះ ទៅកាន់យោធា។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ រហូតដល់ថ្ងៃពុធនេះ ស្ថានភាពអាកាសធាតុអាក្រក់ ក្នុងនោះរួមមានទាំងទឹកជំនន់ បង្កឡើងដោយព្យុះស៊ីក្លូន នៅឆ្នេរភាគខាងកើត នៃប្រទេស បានធ្វើឲ្យ ផ្ទះសម្បែង និងអាជីវកម្មប្រមាណ ៣១.០០០ កន្លែងនៅទូទាំងទីក្រុងស៊ីដនី និងនៅតែបណ្ដោយឆ្នេរ ពុំមានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះដែរ ការិយាល័យឧតុនិយម អូស្ត្រាលី បានចេញការព្រមានពីព្យុះផ្គររន្ទះយ៉ាងខ្លាំង នៅផ្នែកធំៗ នៃឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ខណៈប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ទំនាប ក៏កំពុងត្រូវបានគេព្រមានឲ្យរៀបចំបាវ និងវិធានការប្រុងប្រយ័ត្នផ្សេងៗទៀត ក្នុងករណីមានទឹកជំនន់បន្តទៀត៕