(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Samsung នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានបញ្ចេញទូរស័ព្ទដៃបត់អេក្រង់ស៊េរីថ្មី និងស្មាតហ្វូនត្រកូល S ដែលប្រើប្រាស់បច្ចេកវិទ្យា 5G ខណៈខ្លួនកំពុងព្យាយាមរក្សាតំណែងជា កំពូលក្រុមហ៊ុនស្មាតហ្វូនលេខមួយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ទូរស័ព្ទដៃស្មាតហ្វូនស៊េរីថ្មី ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី Samsung Galaxy Unpacked 2020 រៀបចំឡើងក្នុងទីក្រុងសាន់ហ្រា្វន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា រួមមានដូចជា S20, S20+ និង S20 Ultra ព្រមទាំងទូរស័ព្ទបត់អេក្រង់ Galaxy Z Flip។ Galaxy Z Flip នឹងត្រូវដាក់លក់លើទីផ្សារក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកុម្ភៈជាមួយតម្លៃចាប់ពី ១,៣៨០ដុល្លារ ហើយមានបីព័ណ៌សម្រាប់ជ្រើសរើស គឺព័ណ៌ស្វាយ មាស និងខ្មៅ។

ក្រៅតែពី Galaxy Z Flip ដែលប្រើប្រាស់បច្ចេកវិទ្យា 4G នៅឡើយ Samsung ក៏បានបញ្ចេញផងដែរស្មាតហ្វូន S20, S20+ និង S20 Ultra ដោយនឹងមានវត្តមានលើទីផ្សារអាមេរិកនៅខែមីនា ជាមួយតម្លៃចាប់ពី ៩៩៩ដុល្លារ ខណៈអតិថិជននៃបណ្ដាប្រទេសដទៃ អាចបញ្ជាទិញទុកមុនក្នុងពេលឆាប់ៗនេះ។ នៅក្នុងសហរដ្ឋអាមេរិក S20, S20+ និង S20 Ultra មានតែជម្រើស 5G ប៉ុណ្ណោះ រីឯនៅតាមបណ្ដាប្រទេសផ្សេងទៀត S20 និងS20+ មានពីរជម្រើសទាំង 5Gនិង 4G ហើយ S20 Ultra អាចប្រើប្រាស់បានតែ 5G មួយគត់ (5Gសុទ្ធ) នៅទីណាក៏បាន៕