(ប៉េកាំង)៖ ចំនួនករណីឆ្លងវីរុស ខូវីដ-១៩ (Covid-19 ឬ វីរុសកូរ៉ូណាប្រភេទថ្មី) នៅក្នុងខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន បានធ្លាក់ចុះគិតចាប់តាំងពីខែមករាមក ស្របពេលមានការព្យាករណ៍ជាច្រើនថា ការរីករាលនៃវីរុសនេះអាចនឹងបញ្ចប់ នៅត្រឹមខែមេសាខាងមុខនេះ។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោក ចុង ណាសាន (Zhong Nanshan) ជាទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់មា្នក់របស់ចិន កាលពីថ្ងៃអង្គារម្សិលមិញ នៅទូទាំងខេត្តហ៊ូប៉ី (Hubei) ដែលជាចំនុចចាប់ផ្ដើមនៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះបានរាយការណ៍ថា អ្នកជំងឺ ៩៤នាក់បានស្លាប់ រីឯចំនួនអ្នកឆ្លងថ្មីមាន ១,៦៣៨នាក់ បើធៀបទៅនឹងកាលថ្ងៃទី0៤ ខែកុម្ភៈ ចំនួនអ្នកឆ្លងថ្មីមានរហូតដល់លើស ៣,០០០នាក់ឯណោះ។

លោក Zhong បន្តថា នេះគឺជាអត្រានៃការធ្លាក់ចុះចំនួនអ្នកឆ្លងវីរុស COVID-19 គិតចាប់តាំងពីថ្ងៃទី៣១ ខែមករាមក ហើយមិនតែប៉ុណ្ណោះលោកក៏បានព្យាករណ៍ដែរថា ការរីករាលដាននៃវីរុសនេះ អាចនឹងដល់ទីបញ្ចប់នៅខែមេសា។ «ខ្ញុំសង្ឃឹមថា ការរីករាលដាលនៃវីរុសនេះ អាចនឹងបញ្ចប់នៅខែមេសាខាងមុខនេះ»។ នេះជាការបញ្ជាក់របស់លោក Zhong។

គួរជម្រាបថា ខណៈចំនួនអ្នកឆ្លងត្រូវបានរាយការណ៍ថាធ្លាក់ចុះ ចំនួនអ្នកស្លាប់នៃវីរុស COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ១,១១០នាក់ ហើយនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ និងឆ្លងជាង ៤៤,២០០នាក់៕