(បរទេស)៖ នាវាទេសចរណ៍ខ្នាតយក្សដ៏ប្រណិត វែស្ទើរដាម (Westerdam) កំពុងស្ថិតនៅក្នុងភាពវិលវល់ហើយក្រោយប្រទេស និងកោះ សរុបចំនួន០៦ មានដូចជា កោះតៃវ៉ាន់, ហ្វីលីពីន, ជប៉ុន, កូរ៉េខាងត្បូង, កោះហ្គាំ (អាមេរិក) និងចុងក្រោយគេគឺប្រទេសថៃ បានបដិសេធមិនឲ្យឲ្យចូលចតនៅកំពង់ផែពួកគេឡើយ ព្រោះតែខ្លាចនៅលើនាវានោះមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ឬ (Covid-19)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមហ៊ុនដែលគ្រប់គ្រងនាវា Westerdam បានចេញសេចក្តីប្រកាសថា អ្នកជិះទាំងអស់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ) នៅលើនាវារបស់ខ្លួនមួយគ្រឿងនោះ គ្មាននរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 នោះឡើយ។ ទោះបីជាបែបនេះក្តីមកដល់ថ្ងៃពុធនេះគេនៅមិនទាន់ដឹងថា តើកប៉ាល់ Westerdam គ្រោងធ្វើដំណើរទៅណាជាបន្តទៀតនោះឡើយ។ ប៉ុន្តែបើយោងតាមព័ត៌មានកប៉ាល់នេះកំពុងស្ថិតនៅឈូងសមុទ្រថៃ។ កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបម្រាមហាមកប៉ាល់ធំៗចូលចតជាបណ្តោះអាសន្ន។
ដែនដីចុងក្រោយដែលបានហាមឃាត់នាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) របស់សហរដ្ឋអាមេរិក គឺប្រទេសថៃ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសថៃមិនអនុញ្ញាតឲ្យ កប៉ាល់ទេសចរណ៍មួយគ្រឿងចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) នោះឡើយ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ខណៈឧទាហរណ៍ជាក់ស្តែងមួយ បានកើតមានឡើងរួចទៅហើយ នៅលើនាវាទេសចរណ៍ Diamond Princess ដែលកំពុងចតនៅកំពង់ផែ យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន ជាមួយអ្នកផ្ទុកវីរុស Covid-19 ចំនួន ១៧៤នាក់ក្នុងចំណោម ៣,៧០០នាក់ដែលជិះនៅលើនោះ៕