(យូអិន)៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាហ៍ម៉ូដ អាប់បាស់ (Mahmoud Abbas) បានបញ្ជាក់សាជាថ្មីនូវការបដិសេធ ចំពោះផែនការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានលោកផ្ទាល់ដាក់ឈ្មោះឲ្យថា «សំណើអ៊ីស្រាអែល-អាមេរិក»។ នេះបើតាមការដកស្រង់ចេញផ្សាយចេញពី សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែកម្ភៈ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំស្តីពីផែនការអាមេរិកនៅមជ្ឈិមបូព៌ា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លោកប្រធានាធិបតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានមករកអ្នកនេះ ក្នុងនាមឲ្យប្រជាជនប៉ាឡេស្ទីនជាង ១៣លាននាក់ ដើម្បីអំពាវនាវឲ្យមានសន្តិភាពមួយពិតប្រាកដ។ នេះជាអ្វីដែលយើងចង់បាន។ ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីបញ្ជាក់ពីជំហររបស់ប្រជាជនប៉ាឡេស្ទីនថា ពួកយើងគឺបដិសេធចំពោះសំណើរបស់អ៊ីស្រាអែល-អាមេរិក ជាដាច់ខាត»

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីមូលហេតុនៃការបដិសេធ ចំពោះគម្រោងការនេះដែរ ដោយលោកបានលើកឡើងថា ផែនការនេះវាគ្រាន់តែលទ្ធផល នៃជំហានឯកតោភាគីរបស់អាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ។ ម្យ៉ាងទៀតផែនការនេះទៀតសោត វាបានរំលោភលើភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។ លោកបានសង្កត់ធ្ងន់ថា «ប្រជាជនប៉ាឡេស្ទីនមិនប្រឆាំងនឹងប្រជាជនជ្វីបទេ... ការតស៊ូរបស់យើង មិនមែនដើម្បីប្រឆាំងនឹងពួកជ្វីបទេ។ ការតស៊ូ និងការប្រយុទ្ធរបស់យើង គឺប្រឆាំងនឹងជនណា ដែលបំពានលើទឹកដីរបស់យើងប៉ុណ្ណោះ»

លោកប្រធានាធិបតីដដែលបានលើកឡើងថា លោកត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីផ្តើមការចរចាជាមួយភាគីអ៊ីស្រាអែល ដរាបណាលោកអាចស្វែងរកដៃគូពិតប្រាកដ សម្រាប់សន្តិភាពនៅអ៊ីស្រាអែល។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ត្រូវបានស្នើសុំដោយភាគីទុយនីស៊ី និងឥណ្ឌូណេស៊ី បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅនេះ បានបង្ហាញផែនការសន្តិភាពមជ្ឈិមបូព៌ាមួយ ដែលមានភាពចម្រូងចម្រាសខ្លាំង និងត្រូវបានគេមើលឃើញថា កាន់តែបង្ហាញការគាំទ្ររបស់អាមេរិក ចំពោះអ៊ីស្រាអែលខ្លាំងឡើងៗ៕