(តូក្យូ)៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានលើកឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញអ្នកឆ្លងវីរុស កូរ៉ូណាថ្មី ឬ Covid-19 ចំនួន ៣៩នាក់បន្ថែមទៀតហើយនៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) ដោយប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៧៤នាក់។ នេះបើតាមការចេញផ្សាយដោយ CGTN។
ជប៉ុនបានអះអាងថា មនុស្ស ៥៣នាក់ដែលត្រូវបានគេសង្ស័យថា អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 នោះត្រូវបានទទួលការធ្វើតេស្តជាបន្តបន្ទាប់ នៅលើនាវាខ្នាតយក្សដែលផ្ទុកមនុស្សជាង ៣,៧០០នាក់ ហើយជាលទ្ធផលគឺ ៣៩នាក់ក្នុងចំណោម ៥៣នាក់មានផ្ទុកវីរុស Covid-19។ បន្ថែមពីនេះមនុស្ស ០៤នាក់ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។
គួរបញ្ជាក់ផងដែរថា នាវាខាងលើនេះត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុនកាលពីសប្តាហ៍មុន ក្រោយពីមនុស្សម្នាក់ដែលត្រូវបានគេដឹងច្បាស់ថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ធ្លាប់មានវត្តមានលើកប៉ាល់នោះជាមួយមនុស្សសរុប ៣,៧១១នាក់ (ទាំងអ្នកដំណើរ និងក្រុមបម្រើការងារលើកប៉ាល់)៕