(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាមេរិក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ទង្វើបែបនេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Geng Shuang ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់សមាជិក៤រូប នៃកងទ័ពរំដោះប្រជាជនចិន ពីបទវាយប្រហារតាមព័ត៌មានវិទ្យា ឬ Hack ប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧។ ប៉ុន្តែ ក្រសួងការបរទេសចិន បានចេញមកបញ្ជាក់ថា រដ្ឋាភិបាល និងយោធាចិន មិនបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋបែបនេះឡើយ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុម Hackers មួយចំនួនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមលួចយក ទិន្នន័យសំងាត់ជាច្រើន ដើម្បីយកទៅប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ បើទោះជាចិនបានបដិសេធក៏ដោយ។ ម្យ៉ាងវិញទៀត តាមរយៈការចោទប្រកាន់នេះ សហរដ្ឋអាមេរិក ក៏បានដាក់ចេញផងដែរនូវវិធានការរឹតត្បិត យ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាមួយការអំពាវនាវដល់ប្រទេសដទៃទៀត ឲ្យគាំទ្រការដាក់ទណ្ឌកម្មរបស់ខ្លួន និងចោទប្រកាន់ក្រុមហ៊ុនយក្សមួយនេះ ថាជាចារកម្មសម្ងាត់របស់ចិន៕