Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារព័ត៌មានអាមេរិក៖ លោក ដូណាល់ ត្រាំ មិនចង់ជួបមុខលោក គីម ជុងអ៊ុន នោះទេ នៅមុនការបោះឆ្នោតប្រធានាធិបតី (Video inside)

11-02-2020 21:35

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថា លោកមិនចង់មានកិច្ចប្រជុំកំពូលជាសាជាថ្មី ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុននោះទេ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការដកស្រង់ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើទូរទស្សន៍អាមេរិក CNN ដែលចុះផ្សាយពីព័ត៌មាននេះមុនគេ ដោយផ្អែកលើ ប្រភពពីមន្ត្រីអាមេរិកពីរនាក់ ក្នុងលក្ខខណ្ឌមិនបញ្ចញេឈ្មោះ។ មន្ត្រីម្នាក់ បានប្រាប់ CNN ថាសមាជិកក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជឿជាក់ ថាកូរ៉េខាងជើង មិនជាកត្តាសំខាន់សម្រាប់ការបោះឆ្នោតឡើយ ដោយពួកគេមិនចង់បន្តកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរទៀតនោះទេ ដោយសារតែយល់ថាហានិភ័យ មានច្រើនជាងផលចំណេញ បើសិនជាបើកកិច្ចចរចាឡើងវិញ។

ចំណែកឯ មន្ត្រីម្នាក់ទៀតក៏បានឱ្យដឹងដែរថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្នបាន «ស្លាប់បាត់» ទៅហើយ រីឯប្រធានាធិបតី លោក ត្រាំ ក៏មិនចង់មានកិច្ចប្រជុំកំពូលជាសាជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនការបោះឆ្នោត នោះដែរ។

តែយ៉ាងណាក៏ដោយ សេតវិមាន មិនទាន់ប្រតិកម្មអ្វីទៅនឹងសេចក្ដីរាយការណ៍របស់ CNN នៅឡើយទេ ដែលកើតឡើងនៅចំពេលកិច្ចចរចានុយក្លេអ៊ែររវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលត្រាំ-គីម ក្នុងទីក្រុង ហាណូយ ប្រទេសវៀតណាម ទទួលបរាជ័យ នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ មក៕