(ហ្សការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Terawan Agus Putranto នៅថ្ងៃអង្គារនេះ បានអះអាងថាប្រទេសរបស់លោក មិនបានលាក់បាំងអ្វី ទាល់តែសោះ ពាក់ព័ន្ធនឹងករណីឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីក្រុមអ្នកស្រាវជា្រវជាច្រើន បង្ហាញក្ដីព្រួយបារម្ភខ្លាចក្រែងមានការឆ្លងវីរុសនេះ តែមិនត្រូវបានគេរកឃើញ នៅឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈវីរុសកូរ៉ូណា កំពុងរីករាលដាលចេញពីប្រទេសចិន ទៅកាន់បណ្ដាប្រទេសជាច្រើនយ៉ាងឆាប់រហ័ស ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនជាង ២៦០លាន នាក់ មិនទាន់ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងនៅក្នុងប្រទេសអាស៊ានមួយនេះទេ បើទោះជាបណ្ដាប្រទេសអាស៊ានដទៃដូចជា ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន (មានមនុស្សស្លាប់ម្នាក់) សុទ្ធតែបានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណា ក៏ដោយ។ ក្រុមអ្នកស្រាវជា្រវវេជ្ជសាស្ត្រជាច្រើន កាលពីសប្ដាហ៍មុន បាន និយាយថា អាជ្ញាឥណ្ឌូណេស៊ី គួរតែពង្រឹងការតាមដាន និងត្រួតពិនិត្យស្វែងរកការឆ្លងវីរុសកូរ៉ូណា ដែលអាចនាំចូលពីប្រទេសចិន មកកាន់ឥណ្ឌូណេស៊ី តាមរយៈ អ្នកដំណើរតាមយន្ដហោះ។

យ៉ាងណាក៏ដោយឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ លោក Terawan រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី បញ្ជាក់ថា ឥណ្ឌូណេស៊ីគ្មានអ្វីត្រូវលាក់បាំងទាល់តែ សោះ។ លោកបន្ថែមដូច្នេះថា៖« យើងមានឧបករណ៍គ្រប់គ្រាន់ដើម្បីត្រួតពិនិត្យរកវីរុសកូរ៉ូណា...ហើយយើងគ្មានអ្វីត្រូវលាក់បាំងនោះទេ»។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី បានធ្វើតេស្ដសំណាកលើមនុស្ស៦៤នាក់ ដែលសង្ស័យថាឆ្លងវីរុសកូរ៉ូណា ដោយ៦២នាក់មានលទ្ធផលអវិជ្ជមាន និងពីរនាក់ទៀត កំពុងទទួលការត្រួតពិនិត្យ និងធ្វើតេស្ដនៅឡើយ។ រីឯ អាជ្ញាធរចិន នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះក៏បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងដែរថា ចំនួនមនុស្សស្លាប់បានកើនដល់១០១៧នាក់ និងអ្នកឆ្លងជាង៤២,៧០៨នាក់ នៅក្នុងប្រទេសចិន៕