(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតប្រទេសហ្វីលីពីនបានសម្រេចលុបចោល កិច្ចព្រមព្រៀងយោធាសំខាន់មួយជាមួយសហរដ្ឋអាមេរិក ដោយជូនដំណឹងអំពីការសម្រេចចិត្តនេះ ជាផ្លូវការទៅកាន់ភាគីទីក្រុងវ៉ាស៊ីនតោនរួចហើយ។
២៖ អាជ្ញាធរចិននៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១០១៧នាក់ និងអ្នកឆ្លងជាង៤២,៧០៨នាក់។
៣៖ យោធាអាមេរិកបានឱ្យដឹងថា កងទ័ពរបស់ខ្លួនលើសពី ១០០នាក់ បានរងរបួសផ្នែកខួរក្បាល ដោយសារតែការវាយប្រហារដោយគ្រាប់មីស៊ីល ពីសំណាក់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីមករាកន្លងទៅ។
៤៖ ប្រទេសកូរ៉េខាងត្បូង និងអ៉ីស្រាអែលបានចេញសេចក្តីណែនាំដូចគ្នា ឲ្យពលរដ្ឋរបស់ខ្លួនគិតគូរឡើងវិញ ឬផ្អាកការធ្វើដំណើរទៅសិង្ហបុរី ខណៈឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់វិញបានណែនាំពលរដ្ឋនានាឲ្យប្រុងប្រយ័ត្ន ទៅពេលធ្វើដំណើរទៅកាន់សិង្ហបុរីដូចគ្នា។
៥៖ ក្រុមហ៊ុនឈ្មោះថា Pulsar Fusion របស់ចក្រភពអង់គ្លេស ត្រូវគេរាយការណ៍ថា សម្រេចជោគជ័យក្នុងការផលិតប្រព័ន្ធម៉ាស៊ីនសាកល្បងមួយ សម្រាប់ប្រើប្រាស់ជាមួយគ្រាប់រ៉ុក្កែត ដែលអាចកាត់បន្ថយពេលធ្វើដំណើរ របស់យានអវកាសពីផែនដីទៅកាន់ភពអង្គារ (Mars) បានប្រមាណជាពាក់កណ្តាល។
៦៖ រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសថៃនឹងមិនអនុញ្ញាតឲ្យកប៉ាល់ ទេសចរណ៍មួយគ្រឿង ចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) នោះឡើយព្រោះតែខ្លាចនៅលើនោះមានអ្នកផ្ទុកវីរុស ផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលមិនទាន់មានការពិនិត្យត្រឹមត្រូវ៕