(បរទេស)៖ ក្រុមហ៊ុនឈ្មោះថា Pulsar Fusion របស់ចក្រភពអង់គ្លេស ត្រូវគេរាយការណ៍ថា សម្រេចជោគជ័យក្នុងការផលិតប្រព័ន្ធម៉ាស៊ីនសាកល្បងមួយ សម្រាប់ប្រើប្រាស់ជាមួយគ្រាប់រ៉ុក្កែត ដែលអាចកាត់បន្ថយពេលធ្វើដំណើរ របស់យានអវកាសពីផែនដីទៅកាន់ភពអង្គារ (Mars) បានប្រមាណជាពាក់កណ្តាល។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមក្រុមហ៊ុនខាងលើ ការធ្វើតេស្តទៅលើប្រព័ន្ធម៉ាស៊ីននោះ ដែលដើរដោយថាមពល Argon/Ion បានសម្រេចនូវល្បឿនអតិបរមាជាង ៩០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈម៉ាស៊ីនមួយនោះ ត្រូវបានបង្កើតឡើងក្នុងទំហំតូច ដើម្បីបម្រើគោលបំណងសាកល្បងតែប៉ុណ្ណោះ វាអាចមានសមត្ថភាពឈានដល់ល្បឿនជាង ១៦០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើវាមានទំហំធំពេញលេញ។ ល្បឿននេះគឺលើសពីសមត្ថភាព ម៉ាស៊ីនគ្រាប់រ៉ុក្កែតធម្មតាៗជាងពីរដង ដែលអាចឈានដល់ត្រឹមល្បឿនខ្ទង់ ៦៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរជម្រាបថា បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Pulsar Fusion ប្រព័ន្ធម៉ាស៊ីនថ្មីនេះ អាចយកទៅប្រើប្រាស់សម្រាប់វិស័យអវកាសបានភ្លាមៗ ហើយវាក៏អាចយកទៅបន្តអភិវឌ្ឍន៍ថែមទៀត ដោយប្រើវិធីសាស្រ្តហៅថា Nuclear Fusion ដើម្បីឲ្យវាអាចផ្តល់ល្បឿនបានរហូតដល់ទៅជាង ៨០០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕