(សង្ហបុរី)៖ ប្រទេសកូរ៉េខាងត្បូង និងអ៉ីស្រាអែលបានចេញសេចក្តីណែនាំដូចគ្នា ឲ្យពលរដ្ឋរបស់ខ្លួនគិតគូរឡើងវិញ ឬផ្អាកការធ្វើដំណើរទៅសិង្ហបុរី ខណៈឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់វិញបានណែនាំពលរដ្ឋនានាឲ្យប្រុងប្រយ័ត្ន ទៅពេលធ្វើដំណើរទៅកាន់សិង្ហបុរីដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ការណែនាំរបស់បណ្តាប្រទេស និងកោះខាងលើនេះ បានកើតឡើងក្រោយពីអាជ្ញាធរសិង្ហបុរី បានចេញការព្រមានកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់មួយចំពោះការរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅក្នុងប្រទេសដីកោះមួយនេះ។ បច្ចុប្បន្ននៅសិង្ហបុរីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៤៥នាក់ហើយ ដែលភាគច្រើនបំផុតគឺជាជនជាតិចិនមកពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនសុទ្ធតែបានធ្វើការណែនាំពលរដ្ឋពួកគេ ឲ្យផ្អាកការធ្វើដំណើរទៅកាន់បណ្តាប្រទេសទាំងឡាយណា ដែលមានករណីឆ្លងវីរុសកូរ៉ូណាកើនឡើង ក្នុងនោះកូរ៉េខាងត្បូងក្រៅពីការកើតមានករណី ឆ្លងវីរុសក្នុងប្រទេសខ្លួនឯងហើយនោះ អាជ្ញាធរក៏បានណែនាំពលរដ្ឋឲ្យផ្អាក ឬពន្យារពេលធ្វើដំណើរទៅកាន់ បណ្តាប្រទេសផ្សេងៗទៀតដែរដូចជា ថៃ វៀតណាម ជប៉ុន កោះតៃវ៉ាន់ ម៉ាឡេស៊ី និងសង្ហបុរី ដើម្បីទប់ស្កាត់ការឆ្លងវីរុស។
សម្រាប់អ៉ីស្រាអែលវិញ គឺបានណែនាំពលរដ្ឋឲ្យគិតគូរឡើងវិញ ឬផ្អាកការធ្វើដំណើរទៅសិង្ហបុរី ថៃ កូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ ទីក្រុងម៉ាកាវ និងទីក្រុងហុងកុង៕