(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្តេជ្ញាចិត្តថា នឹងដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក ទៅកាន់តុលាការអន្តរជាតិដើម្បីស្វែករកយុត្តិធម៌ ជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹង ក្រុមហ៊ុនអាកាសចរណ៍វេណេស៊ុយអេឡាឈ្មោះថា ខុនវាសា (Conviasa) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី១១ ខែកម្ភៈ ឆ្នាំ ២០២០។
ក្រសួងរតនាគារជាតិនៃសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសវេណេស៊ុយអេឡាមួយ ដែលត្រូវបានគេស្គាល់ថា Conviasa និងយន្តហោះនៃក្រុមហ៊ុននេះចំនួន ៤០គ្រឿងទៅក្នុងបញ្ជីទណ្ឌកម្ម។ ជាការបញ្ចេញប្រតិកម្មតប ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហោះសារមួយក្នុងបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការខូចខាត ដែលពួកគេបង្កទៅលើក្រុមហ៊ុន Conviasa របស់យើង»។
គួរបញ្ជាក់ថា វេណេស៊ុយអេឡាបានជួបវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីដើមឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺនៅក្រោយពេលដែលលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) មេចលនាក្រុមប្រឆាំងបានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ន នៃប្រទេសវេណេស៊ុយអេឡា ក្នុងគោលបំណងបណ្តេញលោក ម៉ាឌូរ៉ូ ចេញពីអំណាចក្រោមការជួយជ្រោមជ្រែងពីអាមេរិក តែមិនបានសម្រេច៕