(វ៉ាស៊ីនតោន)៖ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្យាករណ៍ថា វីរុសកូរ៉ូណាថ្មី ដែលបាននិងកំពុងបង្កក្តីព្រូយបារម្ភ នៅទូទាំងពិភពលោក នឹងលែង ជាការគំរាមកំហែងទៀតហើយ នៅពេលអាកាសធាតុក្តៅ បានមកដល់។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន NEW YORK POST នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងជំនួបជាមួយក្រុមអភិបាលរដ្ឋ នៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «វីរុស ប្រភេទនេះ ជាទូទៅ នឹងត្រូវរលាយបាត់ទៅវិញ នៅពេលអាកាសធាតុឡើងកម្ដៅ ខណៈមនុស្សជាច្រើនក៏គិតដែរថា «នៅដើម ឬកំឡុងខែមេសា វីរុសប្រភេទនេះ នឹងបាត់ទៅវិញជាមិនខាន»។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCov) នៅក្នុងសហរដ្ឋអាមេរិក មាន១២ករណី ខណៈការឆ្លងថ្មីមួយទៀត ឬករណី ទី១៣ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង សានឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California) តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ ដោយឡែក អាជ្ញាធរចិន នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឲ្យដឹងថាចំនួនមនុស្សស្លាប់បានកើនដល់១០១៧នាក់ និងអ្នកឆ្លងជាង៤២,៧០៨នាក់ នៅក្នុងប្រទេសចិន៕