Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខកងទ័ពជើងគោកថៃសុំទោសបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ ចំពោះទង្វើបាញ់សម្លាប់មនុស្សយ៉ាងរង្គាលដោយទាហានថៃម្នាក់ ដែលធ្វើឲ្យកក្រើកប្រទេស

11-02-2020 15:04

(បាងកក)៖ ប្រមុខកងទ័ពជើងគោកថៃ លោក អភិរ័ត គង់សំផុង (Apirat Kongsompong) នាថ្ងៃអង្គារនេះ បានចេញមុខនិយាយសុំទោសទាំង ទឹកភ្នែករលីងរលោង ចំពោះ ទង្វើដ៏សែនអាក្រក់របស់ទាហានថៃម្នាក់ ដែលបានបាញ់មនុស្សស្លាប់យ៉ាងរង្គាល ធ្វើឲ្យកក្រើកប្រទេសកាលពី ចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកក លោក Apirat Kongsompong បានថ្លែងសុំទោសបណ្តើរ ហើយយកដៃជូតទឹក ភ្នែកបណ្តើរ ។ លោកបាននិយាយដូច្នេះថា «ខ្ញុំ ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ពិតជាសុំទោសដោយស្មោះចំពោះហេតុការណ៍ដ៏អាក្រក់ ដែលបានប្រព្រឹត្តទៅក្រោមស្នាដៃរបស់ពលទាហានម្នាក់។ នៅពេលខ្មាន់កាំភ្លើងម្នាក់នោះ កេះកៃកាំភ្លើងហើយបាញ់សម្លាប់ជន ស្លូតត្រង់ ក្នុងពេលនោះរូបគេបានក្លាយជាឧក្រិដ្ឋជន មិនមែនជាទាហានទៀតឡើយ។ លោក Apirat ក៏បានបញ្ជាក់ដែរថា កងទ័ពជើងគោកនឹងជួយ ផ្តល់សំណងលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ រួមជាមួយក្រុមគ្រួសាររបស់ពួកគេ។

គួរជម្រាបថា ទាហានថៃខាងលើមានឈ្មោះថា ចាក្រាផាន់ ថុមម៉ា (Jakrapanth Thomma) ត្រូវបានកងកម្លាំងរក្សាសន្តិសុខថៃបាញ់សម្លាប់ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ក្រោយជនរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងសាហាវ ហើយចូលទៅសំងំក្នុងផ្សារទំនើបឈ្មោះថា Terminal 21 ក្នុងទីក្រុងនគររាជសីមា (កូរ៉ាត់) នៃខេត្តនគររាជសីមា នៅល្ងាចថ្ងៃសៅរ៍។ មនុស្សចំនួន២៩នាក់បានស្លាប់ និងជាច្រើននាក់ បាន រងរបួស ដោយសារតែស្នាដៃរបស់ជនរូបនោះ៕