(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី មួយករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ១៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលវៀតណាម ករណីឆ្លងខាងលើត្រូវបានរកឃើញលើទារកម្នាក់អាយុទើបបីខែ ឆ្លងពីលោកយាយដែលត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី០៩ ខែកុម្ភៈ។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ការឆ្លង ១០ករណីក្នុងចំណោម ១៥ករណីនៃវីរុសកូរ៉ូណា គឺកើតឡើងនៅខេត្ត វិញហ្វុក (Vinh Phuc) ស្ថិតនៅភាគខាងជើងនៃប្រទេស។
គួរជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី រដ្ឋាភិបាលវៀតណាម មានគម្រោងយកពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់ ដែលត្រឡប់មកពីប្រទេសចិន ទៅដាក់នៅកន្លែងដាច់ឆ្ងាយពីគេឯងរៀបចំដោយរដ្ឋ ក្នុងនោះរួមមាន ៩៥០នាក់ នៅឯមូលដ្ឋានទ័ពនៅក្រៅទីក្រុងហាណូយ និង ៩០០នាក់ទៀត នៅឯជំរុំបណ្ដោះអាសន្នជាច្រើន នៅតំបន់ព្រំដែនវៀតណាម-ចិន៕