Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកអះអាងថា កងទ័ពរហូតដល់១០៩នាក់រងការប៉ះទង្គិចខួរក្បាល ដោយសារគ្រាប់មីស៊ីលអ៉ីរ៉ង់ (Video inside)

11-02-2020 11:29

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា កងទ័ពរបស់ខ្លួនលើសពី ១០០នាក់ បានរងរបួសផ្នែកខួរក្បាល ដោយសារតែការវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីមករាកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមមន្ទីរបញ្ចកោណ ចំនួនកងទ័ពអាមេរិកដែលរងរបួសផ្នែកខួរក្បាល ដោយសារតែការវាយប្រហាររបស់អ៉ីរ៉ង់បានកើនដល់ ១០៩នាក់ ឬកើនឡើង ៥០ភាគរយ ខណៈកាលពីដំបូងឡើយមានការអះអាងថា កងទ័ពរងរបួសមានតែ ៦៤នាក់តែប៉ុណ្ណោះ។ មន្ទីរបញ្ចកោណបន្ថែមទៀតថា កងទ័ពចំនួន ៦៧នាក់ក្នុងចំណោមអ្នករងរបួសខួរក្បាល បានត្រឡប់ទៅបំពេញភារកិច្ចវិញហើយ បន្ទាប់ពីទទួលការពិនិត្យ និងព្យាបាលរួច។

គួរជម្រាបថា ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីខែមករា ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ។ គិតចាប់តាំងពីឆ្នាំ២០០០ កងទ័ពអាមេរិកសរុប ៤០៨,០០០នាក់ត្រូវបានគេពិនិត្យរកឃើញថា បានរងរបួសខួរក្បាលដែលមានអាការៈដូចជា ឈឺក្បាល ល្ហិតល្ហៃ ចាញ់ពន្លឺ និងក្អួតជាដើម៕