(តូក្យូ)៖ គិតមកទល់ពេលនេះចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅក្នុងប្រទេសជប៉ុន បានកើនដល់១៦១នាក់ហើយ បន្ទាប់ពី ក្រសួងសុខាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា អ្នកឆ្លងវីរុសនេះនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំមួយ ដែលផ្ទុកមនុស្ស សរុបជាង៣,៧០០នាក់ បានកើនដល់១៣៥នាក់។ នេះបើតាមការចេញផ្សាយដោយ Kyodo នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ទេសចរណ៍ Diamond Princess ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Princess Cruise Lines Ltd. ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង យ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុនត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី។ កប៉ាល់នោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង ៣,៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើពួកគេទាំងអស់តែម្តង ឬក៏យ៉ាងណាឡើយ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះមនុស្សជាង៣,៦០០នាក់ នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំមួយគ្រឿងទៀត នៅឯទីក្រុងហុងកុង ដែលរួមមានអ្នកដំណើរនិងបុគ្គលិករបស់កប៉ាល់ ទីបំផុតត្រូវបានអនុញ្ញាតឲ្យចុះពីលើកប៉ាល់ បន្ទាប់ពីត្រូវបានហាមមិនឲ្យចុះចាប់តាំងតែពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺពីរថ្ងៃក្រោយករណីកប៉ាល់ទេសចរណ៍ Diamond Princess នៅជប៉ុន ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាប្រភេទថ្មី ព្រោះកប៉ាល់នោះក៏ធ្លាប់ដឹកអ្នកដំណើរ ដែលក្រោយមកត្រូវបានរកឃើញថាឆ្លងវីរុសដែរ។ អាជ្ញាធរសុខាភិបាលក្រុងហុងកុងបានប្រកាស ថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅលើកប៉ាល់ទេសចរណ៍នោះឡើយ ដែលមានឈ្មោះថា វើលដ៍ឌ្រីម (World Dream)៕