(សៀងហៃ)៖ Alibaba Group Holdings ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ចិន នាថ្ងៃចន្ទនេះបានប្រកាសថា ខ្លួននឹងផ្តល់កម្ចីទំហំ ២០ពាន់លានយ័ន ស្មើនឹង២.៨៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុននានានៅក្នុងប្រទេសចិន ជាពិសេសក្រុមហ៊ុននៅខេត្ត Hubei តែម្តង នៅចំពោះមុខការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងនោះ ប្រាក់កម្ចី១០ពាន់លានយ័ន នឹងត្រូវផ្តល់ឲ្យផ្តាច់មុខសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលស្ថិតក្នុងខេត្ត Hubei ជាទីរងគ្រោះ ខ្លាំងក្លាជាងគេ ដោយសារការវាយលុក ពីវីរុសកូរ៉ូណាថ្មី។ ក្រុមហ៊ុននានានៅទីនោះ នឹងទទួលបានការផ្តល់កម្ចីរយៈពេលមួយឆ្នាំ ដោយគិតអត្រាការប្រាក់សូន្យសម្រាប់កំឡុងពេល៣ខែដំបូង ខណៈអត្រាការប្រាក់ សម្រាប់៩ខែទៀត នឹងទទួលបានការបញ្ចុះថ្លៃ ២០ភាគរយ។
ចំណែកឯ ប្រាក់កម្ចី១០ពាន់លានយ័នទៀត នឹងត្រូវផ្តល់ឲ្យក្រុមហ៊ុននៅតាមតំបន់ដទៃទៀត ដែលមានរយៈពេលមួយឆ្នាំដូចគ្នា ប៉ុន្តែពុំមាន ការគិតអត្រាការប្រាក់សូន្យភាគរយ សម្រាប់៣ខែដំបូង ដូចទៅនឹងបណ្តាក្រុមហ៊ុននៅខេត្ត Hubei ឡើយ។ ក្រុមហ៊ុន Alibaba ក៏បាន រៀបចំកញ្ចប់មូលនិធិទំហំ១ពាន់លានយ័នចំនួនពីរ ដើម្បីផ្តល់ការជួយជ្រោមជ្រែងដល់ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំង ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់នៅទូទាំងប្រទេសចិនផងដែរ។
គួរជម្រាបថា នាថ្ងៃចន្ទនេះ ក្រុមហ៊ុននិងរោងចក្រនៅក្នុងប្រទេសចិន បានចាប់ផ្តើមបើកទ្វារដំណើរការឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែមិនទាន់ពេញលេញដូចដើមនៅឡើយទេ ក្រោយពីបានផ្អាករហូតមកតាំងតែពីមុនបុណ្យចូលឆ្នាំចិន ចំពេលដែលវីរុសកូរ៉ូណាថ្មី បានចាប់ផ្តើមវាយលុកយ៉ាងខ្លាំងក្លា។ អាជ្ញាធរចិនបានស្នើឲ្យធនាគារបន្ទាបអត្រាការប្រាក់ ហើយផ្តល់ឥណទានដល់បណ្តា ក្រុមហ៊ុន ដែលរងគ្រោះដោយសារបញ្ហានៃការរីករាលដាលវីរុសកូរ៉ូណា៕