(បរទេស)៖ សីតុណ្ហភាពនៅទ្វីបអង់តាក់ទិច ដែលជាទ្វីបដ៏ត្រជាក់ជាងគេបំផុត នៅលើពិភពលោកបានកើនឡើងដល់ ៦៤.៤ Fahrenheit ឬស្មើនឹង ១៨អង្សាសេ កាលពីសប្តាហ៍មុននេះ ហើយវាគឺជាការកើនឡើងកម្ដៅមិនធ្លាប់មានពីមុនមកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន New York Daily នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ទិន្នន័យនៃការកើនឡើងនៅទ្វីបអង់តាក់ទិច ត្រូវបានបញ្ចេញដោយសេវាកម្មជាតិ ឧតុនិយមរបស់ប្រទេសអាហ្សង់ទីន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃដោយ អង្គការឧតុនិយមពិភពលោក នៃអង្គការសហប្រជាជាតិ (UN)។ កាលពីខែមីនា ឆ្នាំ២០១៥ សីតុណ្ហភាពក៏ធ្លាប់កើនដល់ ៦៣.៥ Fahrenheit ឬក៏ ១៧អង្សាសេផងដែរ ហើយបើតាមអង្គការឧតុនិយមពិភពលោក WMO ទ្វីបអង់តាក់ទិចបានឡើងកម្ដៅជិត ៣៧ Fahrenheit ឬ ២អង្សាសេកាលពីជាង ៥០ឆ្នាំមកនេះ ដោយធ្វើឱ្យផ្ទាំងទឹកកក មួយចំនួនត្រូវរលាយគ្មានថ្ងៃវិលវិញ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ ទ្វីបអង់តាក់ទិចត្រូវបានគេរាយការណ៍បានបាត់បង់ផ្ទាំទឹកកក ៦០០ភាគរយ រីឯសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំមានចន្លោះពី -៥០ ដល់ -១៤០ Fahrenheit (-១០អង្សាសេដល់ -៦០អង្សាសេ) ហើយបើសិនជាផ្ទាំងទឹកកករលាយ នោះកម្ពស់ទឹកសមុទ្រអាចនឹងកើនដល់ ២០០ ឬ ៦០ម៉ែត្រ ខណៈទឹកកកនៃតំបន់ទ្វីបអង់តាក់ទិចតំណាងឱ្យ ៩០ភាគរយនៃទឹកសាបនៅលើពិភពលោក៕