(វ៉ាស៊ីនតោន)៖ ទីបំផុតយានអវកាស Solar Orbiter ដែលជាបេសកកម្មរួមគ្នា រវាងទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ដើម្បីសិក្សាស្រាវជ្រាវអំពីតំបន់ប៉ូល របស់ព្រះអាទិត្យជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ការបាញ់បង្ហោះយានអវកាសខាងលើ ត្រូវបានធ្វើឡើងដោយការប្រើប្រាស់គ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន ULA ចេញពីជ្រោយ Cape Canaveral នៅភាគខាងត្បូងរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១១៖០៣នាទីយប់ថ្ងៃអាទិត្យ (ពេលវេលានៅឯភាគខាងកើតសហរដ្ឋអាមេរិក)។
គួរជម្រាបថា យាន Solar Orbiter នឹងត្រូវចំណាយពេលជិត ១០ឆ្នាំ ធ្វើដំណើរជុំវិញព្រះអាទិត្យ ហើយរំកិលទៅកៀកផ្កាយយើងបន្តិចម្តងៗ តាមរយៈការប្រើប្រាស់កម្លាំងម៉ាញេទិចពីភពសុក្រ (Venus) និងភពផែនដីយើងជាជំនួយ។ នៅចម្ងាយកៀកបំផុត Solar Orbiter នឹងស្ថិតនៅគម្លាតប្រហែល ៤២លានគីឡូម៉ែត្រពីព្រះអាទិត្យ ដែលកៀកជាងភពពុធ (Mercury) ប្រមាណជាង ៤០លានគីឡូម៉ែត្រ។ យានអវកាស Solar Orbiter នឹងផ្តិតយករូបភាពមិនធ្លាប់មាន នៃតំបន់ប៉ូលខាងជើង និងខាងត្បូងរបស់ព្រះអាទិត្យ រួមជាមួយបរិស្ថានដែនម៉ាញេទិចនៅទីនោះ ដើម្បីជួយអ្នកវិទ្យាសាស្រ្តបង្កើនការស្វែងយល់ ឲ្យកាន់តែច្បាស់អំពីផ្កាយរបស់យើង៕