(តេហេរ៉ង់)៖ អ៉ីរ៉ង់ បានបញ្ចេញមីស៊ីលបាលិស្ទីគស៊េរីថ្មីមួយ ដែលមានទម្ងន់ស្រាលជាង២ដង បើធៀបទៅនឹងមីស៊ីលស៊េរីមុនៗ ប៉ុន្តែវាមានសមត្ថភាពបាញ់ បានឆ្ងាយគួរសម។ នេះបើតាមការដកចេញផ្សាយពីសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
មីស៊ីលខាងលើមានឈ្មោះថា Raad 500 ត្រូវបានដាក់តាំងបង្ហាញ ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ រីឯប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ក៏បានចេញផ្សាយ រូបភាពមីស៊ីលស៊េរីថ្មីនេះចំនួនពីរគ្រាប់ អមជាមួយវីដេអូនៃការបាញ់សាកល្បងផងដែរ។ បើតាមយោធាអ៉ីរ៉ង់ Raad 500 គឺជាប្រភេទមីស៊ីលបាលិស្ទីគ បានបាញ់ បានចំងាយ៥០០គីឡូម៉ែត្រ ក៏ដូចជាមានទម្ងន់ស្រាងជាងពីរដង បើធៀបទៅនឹងមីស៊ីល Fateh-110 ហើយវាអាចទ្រំាទ្រជាមួយសម្ពាធ 100 Bar (ខ្នាតសម្ពាធ ) ព្រមទាំងសីតុណ្ហភាព ៣,០០០អង្សាសេ ទៀតផង។
គួរជម្រាបថា ការបញ្ចេញមីស៊ីលស៊េរីថ្មីខាងលើ ធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់ទទួលបរាជ័យជាថ្មី ក្នុងការបាញ់បង្ហោះផ្កាយរណបមួយឈ្មោះ ‘Zafar’ ឬមានន័យថា «ជោគជ័យ» កាលពីចុងសប្ដាហ៍ កន្លងទៅ៕