(តូក្យូ)៖ ជប៉ុនបានបង្ហោះផ្កាយរណប ស៊ើបការណ៍ថ្មីមួយគ្រឿងឡើងទៅកាន់គន្លងអវកាស ដែលត្រូវគេរំពឹងថានឹងជួយរដ្ឋាភិបាលជប៉ុនក្នុង ការផ្តិតយករូបភាពនៃមូលដ្ឋានមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Kyodo នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ផ្កាយរណបស៊ើបការណ៍ខាងលើត្រូវបាននាំយកឡើងទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែតធុន H-IIA ដែលត្រូវបានបាញ់កាលពីថ្ងៃអាទិត្យ ម្សិលមិញ ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima។ ផ្កាយរណបនោះបានឡើងដល់ទីអវកាស នៅ២០នាទីក្រោយ ការបាញ់បង្ហោះ។ ផ្កាយរណបនោះមានតម្លៃជាង៣០០លានដុល្លារ និងបំពាក់នូវប្រព័ន្ធកាមេរ៉ា ដែលអាចផ្តិតយតរូបភាពបានយ៉ាងច្បាស់។
គួរជម្រាបថា ផ្កាយរណបស៊ើបការណ៍នោះ នឹងធ្វើប្រតិបត្តិការជំនួសផ្កាយរណបមួយ ក្នុងចំណោមផ្កាយរណបស៊ើបការណ៍សរុប៧គ្រឿង ដែលជប៉ុនកំពុងប្រើប្រាស់ដើម្បីឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង។ ផ្កាយរណបស៊ើបការណ៍ទាំងនោះ មានពីរប្រភេទ រួមមានប្រភេទអុបទិក ដែលប្រើឧបករណ៍ស្រដៀងទៅនឹងកាមេរ៉ាឌីជីថល និងប្រភេទរ៉ាដា អាចចាប់យករូបភាពក្នុងពេលងងឹង និងពេល អាកាសធាតុមិនអំណោយផលបាន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនមានផ្កាយរណបស៊ើបការណ៍ប្រភេទកាមេរ៉ាឌីជីថល២គ្រឿង និងប្រភេទរ៉ាដា ចំនួន៥គ្រឿង ដែលកំពុងដំណើរការ ហើយគ្រោងនឹងបង្កើនចំនួននេះឲ្យដល់១០៕