(បាងកក)៖ មកទល់នឹងថ្ងៃចន្ទនេះ អាជ្ញាធរថៃនៅតែបន្តប្រមូលព័ត៌មានលម្អិត ដើម្បីកំណត់ពីមូលហេតុថា តើទាហានជាខ្មាន់កាំភ្លើងម្នាក់ឈ្មោះ ចាក្រាផាន់ ថុមម៉ា (Jakrapanth Thomma) បើកការបាញ់ប្រហារយ៉ាងរង្គាលសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង ណាខនរាជាសីម៉ា (Nakhon Ratchasima) ភាគឦសាននៃប្រទេសដោយរបៀបណា? ខាងក្រោមនេះ គឺជាការៀបរាប់ត្រួសៗអំពីហេតុការណ៍ដែលបានកើតឡើង៖

ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

* ម៉ោង ១២៖១០នាទីថ្ងៃត្រង់៖ ទាហានម្នាក់ឈ្មោះ Jakrapanth Thomma បានបង្ហោះសារមួយនៅលើ Facebook បង្ហាញការខឹងសម្បារនឹងមនុស្សដែលរូបគេចាត់ទុកថា រកស៊ីមានបានដោយសារពុករលួយ និងកេងប្រវ័ញ្ចញពីអ្នកដទៃ។ «តើពួកគេគិតថា ពួកគេអាចយកលុយទាំងនោះ ទៅចាយនៅឋានរកមែនទេ?» នេះគឺជាសារដែល Jakrapanth បង្ហោះនៅលើ Facebook។

*ម៉ោង ៣៖០០នាទីរសៀល៖ Jakrapanth បានធ្វើដំណើរទៅដល់ផ្ទះមួយ ដើម្បីពិភាក្សាគ្នាពីជម្លោះដីធ្លី ដោយមានវត្តមានមេបញ្ជាការរបស់ខ្លួនផងដែរ។ ប៉ុន្តែក្រោយមកទំនងជាទំនាស់ពាក្យសម្ដីបានកើតឡើង ទាហានឈ្មោះ Jakrapanth ស្រាប់តែទាញកាំភ្លើងបាញ់សម្លាប់មេបញ្ជាការខ្លួនឯង និងស្ត្រីម្នាក់ដែលត្រូវបានគេអះអាងថា ជាសាច់ញាតិមេបញ្ជាការរូបនេះ។

* ម៉ោង ៤៖០០នាទីរសៀល៖ Jakrapanth បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ស៊ូរ៉ាថាំភីថាក់ (Surathamphitak) ជាទីដែលលោកធ្វើការ និងបានសម្លាប់សម្លាប់ទាហានជាឆ្មាំយាមម្នាក់ ព្រមទាំងលួចកាំភ្លើងជាច្រើនដើមពីឃ្លាំងអាវុធ និងគេចខ្លួនដោយជិះរថយន្ដយោធាមួយគ្រឿង។

* ម៉ោង ៤៖៣០នាទីរសៀល៖ ទាហាន Jakrapanth បានឈប់នៅឯវត្តមួយ និងបើកការបាញ់ប្រហារដោយសម្លាប់មនុស្ស ០៩នាក់ ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ មុននឹងបើករថយន្ដគេចខ្លួន ខណៈអាជ្ញាធរកំពុងតាមប្រមាញ់។

* ម៉ោង ៥៖៣០នាទីល្ងាច៖ ទាហានរូបនេះបានធ្វើដំណើរទៅដល់ផ្សារទំនើបមួយ (Terminal 21) ជាទីដែលរូបគេចាប់ផ្ដើមបើកការបាញ់រះលើជនស៊ីវិល ដោយបណ្ដាលឱ្យមនុស្ស ១២នាក់ស្លាប់។

* ម៉ោង ៥៖៥០នាទីល្ងាច៖ ប៉ូលិសចាប់ផ្ដើមឡោមព័ន្ធផ្សារខាងលើ។

* ម៉ោង ៦៖០០នាទីល្ងាច៖ ស្នូរគ្រាប់កាំភ្លើងបានផ្ទុះឡើង ទន្ទឹមគ្នានឹងភ្លើងបានឆាបឆេះនៅបរិវេណឯផ្សារទំនើប ក្រោយ Jakrapanth បាញ់លើប្រព័ន្ធអគ្គិសនី និងធុងស្ដុកសាំង។

* ម៉ោង ៦៖៣០នាទីល្ងាច៖ Jakrapanth បានបង្ហោះសារមួយទៀតលើ Facebook ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «គ្មាននរណាម្នាក់អាចគេចផុតពីសេចក្ដីស្លាប់ទេ»។

* ម៉ោង ៨៖០០នាទីយប់៖ ប៉ូលិសបាននាំម្ដាយរបស់ទាហានជាខ្មាន់កាំភ្លើង ពីផ្ទះមួយស្ថិតនៅក្នុងខេត្ត ឆៃយ៉ាភូមិ (Chaiyaphum) មកកាន់ផ្សារទំនើប Terminal 21 នៃទីក្រុង Nakhon Ratchasima ដើម្បីមកបញ្ចុះបញ្ចូលរូបគេឱ្យប្រគល់ខ្លួនឱ្យប៉ូលិស។

* ម៉ោង ៩៖៣០នាទីយប់៖ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនបានបិទ page របស់ទាហានជាខ្មាន់កាំភ្លើងរូបនោះហើយ។

* ម៉ោង ១០៖១៥នាទីយប់៖ កងកម្លាំងសន្តិសុខថៃសម្រុកចូលទៅក្នុងផ្សារ និងជួយសង្រ្គោះមនុស្សរាប់រយនាក់ចេញមកក្រៅ។

* ម៉ោង ១០៖៥០នាទីយប់៖ ប៉ូលិសអះអាងថា ពួកគេបានគ្រប់គ្រងជាន់ទាល់ដីនៃផ្សារទំនើប។

ថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០

* ម៉ោង ១២៖៣០នាទីយប់៖ Jakrapanth បានរត់គេចខ្លួន ទៅកាន់បន្ទប់ក្រោមដីមួយនៃផ្សារទំនើប ហើយកងកម្លាំងសន្តិសុខមានទាំងទាហាន និងប៉ូលិស បានសម្រុកចូលទៅក្នុងផ្សារទំនើប។

* ម៉ោង ២៖០០នាទីរំលងអធ្រាត្រ៖ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផ្ទុះឡើង ខណៈកងកម្លាំងសន្តិសុខកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង។

* ម៉ោង ៣៖០០នាទីទៀបភ្លឺ៖ សាកសពមនុស្សពីរនាក់ ត្រូវបានគេយកចេញមកខាងក្រៅផ្សារ។

* ម៉ោង ៣៖២០នាទីទៀបភ្លឺ៖ មនុស្ស ០៤នាក់ត្រូវបានជួយសង្រ្គោះចេញពីផ្សារទំនើប។

* ម៉ោង ៨៖០០ព្រឹក៖ កងកម្លាំងសន្តិសុខឡោមព័ទ្ធ Jakrapanth ឱ្យនៅក្នុងបន្ទប់ក្រោមដី។

* ម៉ោង ៩៖០៥នាទីព្រឹក៖ កងកម្លាំងសន្តិសុខសម្រេចចិត្តបាញ់សម្លាប់ខ្មាន់កាំភ្លើង៕