(បរទេស)៖ ខណៈចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សនៅប្រទេសជប៉ុន បានកើនដល់ ៧០នាក់ អ្នកដំណើរទាំងអស់នៅលើកប៉ាល់ទេសចណ៍ខ្នាតធំដូចគ្នាមួយទៀត នៅទីក្រុងហុងកុងនៃប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចុះពីលើកប៉ាល់ ក្រោយការធ្វើតេស្តរកឃើញថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Business Insider នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
កាលពីថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធរហុងកុងបានអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ ចុះពីលើប៉ាល់ទេសចរណ៍ វើលដ៍ឌ្រីម (World Dream) ក្រោយការធ្វើតេស្តលើ បុគ្គលិកបម្រើការរបស់កប៉ាល់ទេសចរណ៍នោះបានបង្ហាញថា មិនមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីឡើយ។ រីឯកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលនៅទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុនវិញ នៅតែបន្តរកឃើញករណីអ្នកឆ្លងវីរុសដោយគិតត្រឹមថ្ងៃអាទិត្យ គឺបានកើនដល់ ៧០នាក់ហើយ។
អ្នកដំណើរនៃកប៉ាល់ទេសចរណ៍ខ្នាតធំទាំងពីរគ្រឿងខាងលើ ត្រូវបានហាមមិនឲ្យចុះពីលើកប៉ាល់ទាំងនោះ បន្ទាប់ពីមានការរកឃើញថា កប៉ាល់ទេសចរណ៍ទាំងពីរធ្លាប់ដឹងអតីតអ្នកដំណើរ ដែលឆ្លងវីរុសកូរ៉ូណាថ្មី។ កប៉ាល់ទាំងពីរមានផ្ទុកមនុស្សប្រហាក់ប្រហែលគ្នាគឺចន្លោះ ៣,៦០០-៣,៧០០នាក់ រាប់ទាំងអ្នកដំណើរ និងបុគ្គលិកកប៉ាល់។ ស្របពេលដែលអ្នកដំណើរកប៉ាល់ World Dream ទទួលបានសេរីភាពវិញ អ្នកដំណើរកប៉ាល់ Diamond Princess កំពុងតែមានភាពតានតឹង ព្រោះពួកគេទាំងអស់អាចនឹងត្រូវស្ថិតនៅលើនោះ រហូតដល់ទៅពីរសប្តាហ៍។
គួរជម្រាបថា កប៉ាល់ទេសចរណ៍ធំៗមួយចំនួនទៀត ដូចជាកប៉ាល់ ខូស្តា ស្មែរ៉ាល់ដា (Costa Smeralda) របស់ក្រុមហ៊ុន ខូស្តា ក្រូស៊ីរ៉េ (Costa Crociere) នៅអ៉ីតាលី និងកប៉ាល់ មួយទៀតនៅទីក្រុង បាយ៉ុនណេ (Bayonne) នៃរដ្ឋ ញូជែស៊ី (New Jersey) របស់អាមេរិក ក៏មានករណីសង្ស័យអំពីការឆ្លងវីរុសកូរ៉ូណាថ្មីដែរ តែការធ្វើតេស្តចេញមកបង្ហាញថា ពុំមានអ្នកឆ្លងនៅលើប៉ាល់ទាំងនោះឡើយ ហើយកប៉ាល់ទាំងពីរបានជួបភាពរាំងស្ទះ ចំពោះការធ្វើដំណើររបស់ពួកវាក្នុងពេល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕