(ហាណូយ)៖ វិស័យនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ចិន អាចប្រឈមនឹងការធ្លាក់ចុះក្នុងទំហំរហូតដល់ ៨០០លានដុល្លារ ប្រសិនបើបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV នៅតែមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VN Express នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ផាន វ៉ានជីញ (Phan Van Chinh) នាយកទីភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម នាពេលថ្មីៗនេះ បានលើកឡើងថា ប្រសិនបើបញ្ហារីករាលដាលនៃវីរុសកូរ៉ូណាថ្មី នៅតែមិនអាចគ្រប់គ្រងបានទេនោះ ក្នុងរយៈពេល ០៣ខែ ទំហំនៃការប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន គឺនឹងចន្លោះពី ៤០០-៦០០លានដុល្លារ ហើយប្រសិនបើវាបន្តយូរជាងនេះទៀត តួលេខអាចកើនឡើងដល់ចន្លោះ ៦០០-៨០០លានដុល្លារអាមេរិក។
រីឯរដ្ឋមន្រ្តីឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក ត្រាន ធួនអាញ់ (Tran Tuan Anh) បាននិយាយថា បញ្ហាវីរុសកូរ៉ូណាថ្មីទំនងជានឹងបង្កការខូចខាតធំ ដល់ការធ្វើពាណិជ្ជកម្មជាមួយចិន ដែលអតិថិជនធំបំផុតនៃផលិតផលកសិកម្មរបស់វៀតណាម កាលពីឆ្នាំ២០១៩ ហើយដំណោះស្រាយរយៈពេលខ្លី និងរយៈពេលវែង គឺត្រូវការជាចាំបាច់សម្រាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។
ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានធ្វើការប៉ាន់ស្មានដែរថា ប្រសិនបើបញ្ហាវីរុសកូរ៉ូណាថ្មី មិនអាចគ្រប់គ្រងបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ នេះទេនោះ ទំហំនៃការនាំចេញផលិតផលរបស់វៀតណាមទៅកាន់ចិន ក្នុងត្រីមាសនេះនឹងធ្លាក់ចុះ២៥ភាគរយ ហើយបើបន្តដល់ត្រីមាសទី២ វាអាចនឹងធ្លាក់រហូតដល់ ៥៦ភាគរយ។
គួរជម្រាបថា ផលិតផលកសិកម្មមួយចំនួនរបស់វៀតណាម បានក្លាយខ្លួនជាជនរងគ្រោះនៃការវាយលុកពីវីរុសកូរ៉ូណាថ្មីរួចស្រេចមកហើយ ដោយរថយន្តដឹកកុងតឺន័ររាប់រយគ្រឿង ត្រូវជាប់គាំងនៅច្រកព្រំដែនជាង១០ថ្ងៃ ក្រោយបុណ្យចូលឆ្នាំចិន-វៀតណាម បន្ទាប់ច្រកព្រំដែននៅភាគខាងជើងវៀតណាម ត្រូវបានបិទដើម្បីទប់ស្កាត់ហានិភ័យ នៃការរីករាលវីរុសកូរ៉ូណាថ្មី។ កាលពីសប្តាហ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមទើបតែបានបញ្ជា ឲ្យការធ្វើពាណិជ្ជកម្មនៅព្រំដែនបន្តឡើងវិញ ដើម្បីធានាថា សកម្មភាពសេដ្ឋកិច្ចមិនត្រូវបានរឹតត្បិតខ្លាំងពេក ដោយសារតែវីរុសនេះ៕