(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និងក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។
យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាននិយាយថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖
១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា និងចូលរួមចំណែកដល់សមិទ្ធផលទំនាក់ទំនងកម្ពុជា-ថៃឡង់ដ៏។
២. The Brilliant Star World Classic Award គឺជាពានរង្វាន់ សម្រាប់បុគ្គល ឬអ្នកដឹកនាំឆ្នើម "Top of Ambassadors of the Year 2019" ដែលបានបំពេញតួនាទីល្អក្នុងតំបន់ និងអន្តរជាតិក្នុងពេលកាន់មុខតំណែង និងវិជ្ជាជីវៈផ្សេងៗ។
៣. The Maha Naga Award 2019 គឺជាពានរង្វាន់អន្តរជាតិដ៏ល្បីល្បាញ សម្រាប់ឥស្សរជនគំរូ ដែលបានបំពេញកិច្ចការឧត្តុង្គឧត្តមកម្រិតថ្នាក់អន្តរជាតិ។
ពានរង្វាន់ខាងលើ អាចឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ទូតខ្មែរដែលកំពុងបំពេញការងារនៅក្រៅប្រទេស ដែលជាការចូលរួមចំណែកក្នុងការលើកស្ទួយកិត្យានុភាព កត្តិនាម និងកិត្តិយសកម្ពុជានៅក្នុងតំបន់ និងឆាកអន្តរជាតិ។
មួយរយៈចុងក្រោយនេះ ក្រសួងការបរទេសកម្ពុជាបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្រ្តីការទូតមុនចេញទៅបំពេញបេសកកម្ម ការងារនៅក្រៅប្រទេសដើម្បីធានាដល់សមត្ថភាពនិងប្រសិទ្ធិភាពការងាររបស់ពួកគាត់៕