(កាប៊ុល)៖ កងទ័ពអាមេរិក និងកងទ័ពអាហ្វហ្គានីស្ថាន បានរងការវាយប្រហារពីកងទ័ពម្នាក់ ស្លៀកឯកសណ្ឋានកងទ័ពអាហ្វហ្គានីស្ថាន នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេស ដោយបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតទាំងសងខាងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមអាមេរិកអាមេរិក បាននិយាយថា ពួកគេមិនទាន់ដឹងច្បាស់ឡើយថាតើក្រុមសកម្មប្រយុទ្ធ បានបន្លំស្លៀកឯកសណ្ឋានជាកងទ័ពអាហ្វហ្គានីសា្ថន បើកការបាញ់ ប្រហារមកលើកងទ័ពអាមេរិក នៅក្នុងខេត្ត Nangarhar ឬក៏កងទ័ពសម្ព័ន្ធមិត្តទាំងពីរបាញ់ប្រហារគ្នាដោយផ្ទាល់ ឬក៏យ៉ាងណានោះទេ ខណៈការស៊ើបអង្កេត មួយកំពុងធ្វើឡើង។
គួរជម្រាបថា បើតាមសារព័ត៌មាន New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាហ្វហ្គានីស្ថាន កងទ័ពអាមេរិកពី៥ ទៅ៦នាក់ និងកងទ័ពអាហ្វហ្គានីស្ថាន ៦នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារខាងលើ ដែលកើតឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ រីឯជាច្រើននាក់ទៀតរងរបួស។ ប៉ុន្តែ នៅថ្ងៃអាទិត្យនេះ យោធា អាមេរិកបានអះអាងថា យោធារបស់ខ្លួន ២នាក់បានស្លាប់ និង៦នាក់ រងរបួស។
បច្ចុប្បន្ន កងទ័ពអាមេរិក ១៣,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសហរដ្ឋអាមេរិកធ្វើអន្តរាគមយោធាផ្ដួលរំលំ របបដឹកនាំតាលីបង់ បន្ទាប់ពីការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕