របាយការណ៍៖ កូរ៉េខាងត្បូង ពិចារណាដកខ្លួនពីសមយុទ្ធយោធា ដែលនឹងធ្វើឡើងក្នុងប្រទេសថៃ ដោយសារតែវីរុសកូរ៉ូណា (Video inside)
09-02-2020 16:12
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង កំពុងពិចារណាឡើងវិញ ដកខ្លួនចេញពីការចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាលក្ខណៈអន្តរជាតិ ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុង ប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពនេះ ដដែល បានបញ្ជាក់ដូច្នេះថា៖ «យើងកំពុងពិចារណាលើជម្រើសថាតើយើងត្រូវគួរតែលើកពេល ឬដកខ្លួនចេញពីសមយុទ្ធយោធា ឬក៏កាត់បន្ថយចំនួនយោធា និងអាវុធដែលត្រូវបានញ្ជូនឱ្យទៅចូលរួម»។ តែយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញសេចក្ដីរាយការណ៍នេះទេ។
គួរជម្រាបថា សមយុទ្ធយោធា Cobra Gold លើកទី៣៩ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ក្រោមការសម្របសម្រួល ដោយសហរដ្ឋអាមេរិក និងប្រទេសថៃ។ បច្ចុប្បន្ន ករណីឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនដល់២៥នាក់ហើយ៕