(បាងកក)៖ ប៉ូលិស និងទាហានថៃ បានសង្រ្គោះមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍ ខណៈពួកគេកំពុងបន្តតាម ប្រមាញ់ទាហានជាខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់សម្លាប់មនុស្សយ៉ាងហោច២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak មុននឹង រូបគេយកកាំភ្លើង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបាន បើកការបាញ់ប្រហារលើហ្វូងមនុស្សដោយបណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស ខណៈអាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់ អាចនឹងបន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់...ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? ...រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»៕