Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin ដកខ្លួនចេញពីពិព័រណ៍នៅសិង្ហបុរី ដោយសារវីរុសកូរ៉ូណា

08-02-2020 17:41

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតសព្វាវុធឈានមុខរបស់សហរដ្ឋអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) និងក្រុមហ៊ុនអន្តរជាតិមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងមិនចូលរួមពិព័រណ៍អាកាសចរណ៍ នៅក្នុងប្រទេសសិង្ហបុរីនោះឡើយ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលមានប្រភពដើមពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមហ៊ុន Lockheed Martin បានលើកឡើងយ៉ាងដូច្នេះថា «យោងទៅតាមសេចក្តីប្រកាស នៃក្រសួងសុខាភិបាលសិង្ហបុរី ដែលបានដាក់ការព្រមានឡើងដល់ កម្រិតពណ៌ទឹកក្រូចនោះ យើងបានពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក និងក្រុមជំនាញវេជ្ជសាស្ត្ររបស់យើង ហើយក៏បានសម្រេចចិត្តមិនចូលរួម ក្នុងពិព័រណ៍អាកាសចរណ៍នៅសិង្ហបុរីនោះទេ»

គួរបញ្ជាក់ថា ពិព័រណ៍អាកាសចរណ៍នៅសិង្ហបុរី នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ខណៈមានការព្រួយបារម្ភខ្លាំងអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ដែលប្រទេសសិង្ហបុរី ក៏ស្ថិតនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ី ដែលបានរករឃើញអ្នកឆ្លងច្រើនករណីផងដែរ គឺរហូតដល់ទៅ ៣៣ករណីឯណោះ៕