(បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃសៅរ៍នេះ បានរាយការណ៍អំពី ការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV ចំនួន៧នាក់ បន្ថែមទៀត ដោយក្នុងនោះមានជនជាតិថៃ៣នាក់ និងជនជាតិចិន៤នាក់។ ប្រការនេះធ្វើឲ្យករណីសរុបនៅក្នុងប្រទេសថៃកើនដល់៣២។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក សុវណ្ណាឆ័យ វឌ្ឍនាយ៉ីងឆារិន្ទឆ័យ (Suwannachai Wattanayingcharoenchai) អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺរបស់ថៃ បានឲ្យដឹងថា ម្នាក់ក្នុងចំណោមជនជាតិ ថៃ៣នាក់ខាងលើ គឺស្ថិតក្នុងចំណោមពលរដ្ឋថៃទាំង១៣៨នាក់ ដែលត្រូវបានជម្លៀសចេញពីទីក្រុង Wuhan នៃប្រទេសចិនកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ រីឯជនជាតិថៃ២នាក់ទៀត គឺធ្លាប់មានការធ្វើប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ ជាជនបរទេស។
ចំណែក ក្នុងចំណោមជនជាតិចិនទាំង៤នាក់វិញ មាន៣នាក់ជាសមាជិកគ្រួសារបស់អ្នកឆ្លងក្នុងករណីមុនៗ ខណៈម្នាក់ទៀតគឺជាអ្នកដំណើរ មកពី «តំបន់ប្រឈមហានិភ័យ» នៅក្នុងប្រទេសចិន។ ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីទាំង៣២ករណី នៅក្នុងប្រទេសថៃ ២៣នាក់ ជាជនជាតិចិន និង៩នាក់ជាជនជាតិថៃ។
គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍នេះ បើតាមលោក Suwannachai អ្នកជំងឺវីរុសកូរ៉ូណាម្នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ប្រការនេះធ្វើឲ្យចំនួនអ្នកជាសះស្បើយពីវីរុសនេះ ហើយចាកចេញពី មន្ទីរពេទ្យបាន នៅក្នុងប្រទេសថៃកើនដល់១០នាក់ ខណៈ២២នាក់កំពុងបន្តទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ៕