(តូក្យូ)៖ ជនជាតិជប៉ុនម្នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ហើយនេះគឺអាចជាករណីដំបូងបំផុតនៃជនជាតិជប៉ុន ដែលបានបាត់បង់ជីវិត ក្រោយពីមានការសង្ស័យថា បានឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCoV)។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
បុរសជប៉ុនខាងលើនេះមានវ័យជាង ៦០ឆ្នាំ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុង Wuhan តាំងតែពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ ជាមួយអការៈរលាកសួតធ្ងន់ធ្ងរ។ មន្ត្រីទីក្រុងវូហាន បានផ្តល់ព័ត៌មានអំពីបុរសរងគ្រោះនេះទៅកាន់រដ្ឋាភិបាលជប៉ុនផងដែរ ពាក់ព័ន្ធការធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនជនជាតិជប៉ុនរូបនេះ ប៉ុន្តែក្រុមគ្រូពេទ្យចិននៅតែមិនទាន់អាចបញ្ជាក់ថា បុរសវ័យ ៦០ឆ្នាំរូបនេះពិតជាបានឆ្លងវីរុសកូរ៉ូណាថ្មីនេះ ឬមួយក៏អត់នោះឡើយ។
គួរបញ្ជាក់ថា នៅប្រទេសជប៉ុនវិញគិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សចំនួន ៨៩នាក់ហើយត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី ដោយក្នុងនោះគឺបូករួមទាំងក្រុមអ្នកទេសចរចំរុះជាតិសាសន៍នៅក្នុងកប៉ាល់ខ្នាតធំមួយគ្រឿង ដែលកំពុងចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama)។ ដោយឡែកអាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន៕