(តូក្យូ)៖ មនុស្ស ០៣នាក់ទៀតនៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សក្នុងប្រទេសជប៉ុន ត្រូវបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុស នៅលើនោះកើនដល់ ៦៤នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
មនុស្សប្រមាណ ២៨០នាក់ហើយ ដែលនៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ត្រូវបានធ្វើតេស្តដើម្បីរកមើលវីរុស ខណៈកប៉ាល់ដែលផ្ទុកមនុស្សសរុបជាង ៣,៧០០នាក់នោះកំពុងបន្តស្ថិតនៅទីក្រុង យ៉ូកូហាម៉ា (Yokohama) ក្រោមការតាមដានរបស់អាជ្ញាធរជប៉ុន ហើយអ្នកជិះលើនោះទាំងអស់ អាចនឹងត្រូវមិនឲ្យចុះពីកប៉ាល់ឡើយរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការចាប់ផ្តើមពិនិត្យរកមើលវីរុសកូរ៉ូណាថ្មី ក្នុងខ្លួនមនុស្សដែលជិះលើកប៉ាល់ Diamond Princess ត្រូវបានធ្វើឡើងបន្ទាប់ពីអតីតអ្នកដំណើរម្នាក់ ដែលចុះនៅទីក្រុងហុងកុងកាលពីខែមុន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសនេះ។ ការធ្វើតេស្តដំបូងបានរកឃើញ ១០នាក់ បន្ទាប់មកក៏ឃើញ ១០នាក់ទៀត ហើយក្រោយមក ៤១នាក់ និងចុងក្រោយនេះគឺ ០៣នាក់បានឆ្លងវីរុសកូរ៉ូណា 2019-nCoV ខណៈអាជ្ញាធរជប៉ុនកំពុងបារម្ភថា អាចនៅមានអ្នកឆ្លងផ្សេងៗទៀត។
គួរជម្រាបថា ក្រៅពីករណីអ្នកឆ្លងនៅលើកប៉ាល់ទេសចរណ៍ខាងលើ ជប៉ុនក៏មានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីយ៉ាងហោច ២៥ករណីផ្សេងទៀតផងដែរ ដូច្នេះសរុបទាំងនៅលើកប៉ាលនេះទៀត គឺករណីឆ្លងវីរុសកូរ៉ូណាក្នុងទឹកដីជប៉ុន កើនឡើងរហូតដល់ ៨៩ករណី៕