(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីសុំទោសចំពោះការលើកឡើងថា «ក្រុមភ្ញៀវទេសចរបរទេសមួយចំនួនគួរតែត្រូវបណ្តេញពីប្រទេសថៃ ដោយសារតែមិនព្រមពាក់ម៉ាស» ខណៈអាជ្ញាធរថៃកំពុងពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
បន្ទាប់ពីបានថ្លែងរិះគន់ក្រុមភ្ញៀវទេសចរលោកខាងលិចមួយចំនួន ដែលមិនព្រមទទួលយកម៉ាសដើម្បីពាក់ នៅចំពោះមុខការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី លោក Anutin ក៏បានបង្ហោះសារលើ Facebook ដើម្បីសុំទោសវិញ ព្រោះតែពួកជនបរទេសទាំងនោះធ្វើឲ្យលោកខឹងខ្លាំងពេក ប៉ុន្តែលោកក៏បានអរគុណចំពោះជនបរទេសទាំងឡាយ ដែលបានសហការនាពេលកន្លងមកផងដែរ។
កាលពីថ្ងៃសុក្រម្សិលមិញ កំឡុងយុទ្ធនាការចែកម៉ាសនៅស្ថានីយរថភ្លើងលើអាកាសមួយកន្លែង លោក Anutin បាននិយាយថា «ភ្ញៀវទេសចរមកពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន មិនព្រមយកម៉ាស ហើយធ្វើឬកដូចជាមិនខ្វល់អ្វីទាល់តែសោះ... ចំពោះក្រុមមនុស្សបែបនេះ យើងគួរតែបណ្ដេញពួកគេចេញពីប្រទេសថៃ ព្រោះពួកគេអាចបង្កហានិភ័យដល់អ្នកដទៃ នៅចំពោះមុខការរីករាលនៃវីរុសកូរ៉ូណាប្រភេទថ្មី»។
គួរជម្រាបថា ចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃគឺ ២៥ករណី ខណៈមួយចំនួនបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យរួចទៅហើយ៕