ទីបំផុតមន្ត្រីអាមេរិកពីររូបដែលបានផ្តល់សក្ខីកម្មក្នុងសភា ត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងហើយ! (Video inside)
08-02-2020 09:59
(វ៉ាស៊ីនតោន)៖ ពីរថ្ងៃបន្ទាប់ពីការរួចខ្លួនពីសវនាការដ៏ចម្រូងចម្រាស ដែលបានធ្វើឲ្យអាប់មុខមាត់ដល់តំណែងជាប្រធានាធិបតីអាមេរិកនោះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្តេញមន្ត្រីពីររូបចេញពីតំណែង នោះគឺលោកវរសេនីយ៍ទោ អេឡិចសាន់ដឺ វីនដ៍មែន (Alexander Vindman) និងអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសហភាពអឺរ៉ុប លោក ហ្គ័រដុន សុនដ៍ឡេន (Gordon Sondland)។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីទាំងពីររូបនេះខាងលើនេះ សុទ្ធតែបានបញ្ជាក់អំពីសេចក្តីសម្រេចរបស់សេតវិមាន នៅក្នុងការដកអ្នកទាំងពីរចេញពីតំណែងដូចគ្នា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ សម្រាប់លោក Vindman ត្រូវបានគេស្គាល់ច្បាស់ថា ជាមន្ត្រីជំនាញកំពូលមួយរូបប្រចាំសេតវិមាន ទទួលបន្ទុកកិច្ចការអ៊ុយក្រែន តាមរយៈតួនាទីរបស់លោកក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ (NSA)។
ដោយឡែកលោក Sondland វិញគឺជាអ្នកមានស្តុកស្តម្ភមួយរូបនៅរដ្ឋ អូរ៉េហ្គន (Oregon) និងជាអ្នកដែលបានជួយឧបត្ថម្ភ ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ផងដែរ។ លោក Vindman និងលោក Sondland បានចូលផ្តល់សក្ខីកម្មនៅក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) ដូចគ្នា ដែលជាហេតុបានរុញច្រានឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រ ធ្វើការចោទប្រកាន់ជាផ្លូវការដើម្បីដំណើរការនីតិវិធីដកតំណែង ប៉ុន្តែលោក ត្រាំ បានរួចខ្លួនវិញនៅពេលសវនាការក្នុងព្រឹទ្ធសភា ត្រូវបានបិទបញ្ចប់កាលពីពីរថ្ងៃមុន៕