(ប៉េកាំង)៖ ប្រជាជនរួមជាតិតៃវ៉ាន់ និងបណ្ដាក្រុមហ៊ុនមួយចំនួន បានបរិច្ចាគប្រាក់ និងបរិក្ខាជាច្រើន ដល់ចិនដីគោក ដែលកំពុងប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាថ្មី ឈានចូលដល់ដំណាក់កាលមួយដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមស៊ីនហួរ ក្នុងចំណោមអ្នកបរិច្ចាគមានដូចជា សមាគមសហគ្រាសវិនិយោគតៃវ៉ាន់ នៅចិនដីគោក និងក្រុមហ៊ុនតៃវ៉ាន់មួយចំនួនទៀតដូចជា Ruentex, MediaTek, Want Want រួមទាំងសមាគមសហគ្រាសតៃវ៉ាន់ មានមូលដ្ឋានខេត្ត Hubei, ទីក្រុងប៉េកាំង, ទីក្រុងធៀនជីន , ខេត្តក្វាងទុង, ខេត្តជាំងស៊ូ, ខេត្តហ្សេជាំង (Zhejiang) និងខេត្តហ្វូជាំង (Fujian)។ គិតជាសរុប អណោយបរិច្ចាគទំាងអស់មានចំនួន ១២០លាន យ័ន ១៧.២លានដុល្លារ។ នេះបើតាមទន្និន័យបណ្ដោះអាសន្ន។
គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប ១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕