(សេអ៊ូល)៖ គិតមកទល់នឹងពេលនេះមានរយៈពេលជិតពីរខែហើយ ចាប់តាំងពីវីរុសកូរ៉ូណាថ្មីត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងទីក្រុង វូហាន (Wuhan) ប្រទេសចិន ហើយស្ទើរតែគ្រប់ប្រទេសទាំងអស់ និងដែនដី នៅក្នុងតំបន់អាស៊ីខាងកើត សុទ្ធតែបានទទួលស្គាល់ពីករណីឆ្លង នៃវីរុសដ៏កាចសាហាវនេះ។ ប៉ុន្តែមានតែកូរ៉េខាងជើងតែមួយគត់ ដែលមិនទាន់មានសេចក្ដីរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណា។
តើប្រការខាងលើនេះ បណ្តាលមកពីរបបដឹកនាំលោក គីម ជុងអ៊ុន មានសមត្ថភាពខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា ឬក៏មានសមត្ថភាពខ្ពស់ក្នុងការបិទខ្ទប់ព័ត៌មាន?
សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជៀសដោយជោគជ័យ មិនឱ្យមានការឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេស ខណៈវីរុសនេះបានផ្ដាច់ជីវិតមនុស្សកើនដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិនគិតត្រឹមថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
ចំណែកឯមនុស្សច្រើនជាង ៣០០នាក់ផ្សេងទៀត ត្រូវបានគេពិនិត្យរកឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មីក្នុងប្រទេសចំនួន ២៥ នៅទូទាំងពិភពលោក ក្នុងនោះរួមមានទាំងប្រទេសដែលមានព្រំទល់ជាមួយកូរ៉េខាងជើង គឺរុស្ស៊ី និងកូរ៉េខាងត្បូងផងដែរ ពោលគឺនិយាយឱ្យងាយស្ដាប់ គ្រប់ប្រទេស និងដែនដីស្ថិតនៅចំងាយជាង ២៤១៤គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងជើង លើកលែងប្រទេសម៉ុងហ្គោលីចេញ សុទ្ធតែបានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណា។
លោក ណាម ស៊ុងវូក (Nam Sung-wook) ជាសាស្ត្រាចារ្យម្នាក់ពីមកសាកលវិទ្យាល័យ Korea University និងជាអតីតនាយកផ្នែកសេវាកម្មស៊ើបការណ៍សំងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយថា វាអាចទៅរួចដែលថាមានអ្នកឆ្លងវីរុសកូរ៉ូណា ក្នុងចំណោមប្រជាជន ២៥លាននាក់ នៅក្នុងប្រទេសកូរ៉េខាងជើង។ លោក Nam បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ CNN យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាសុទ្ធតែបានដឹងថា ចិនមានព្រំប្រទល់ជាប់ជាមួយកូរ៉េខាងជើង ជាពិសេសគឺទីក្រុង ដានដុង (Dandong) និងទីក្រុង ហ្សិនយ៉ាង (Shenyang) តែម្ដង។ ៩០ភាគរយនៃពាណិជ្ជកម្មរបស់កូរ៉េខាងជើង គឺធ្វើជាមួយចិន ហើយមានមនុស្សជាច្រើនរួមទាំងរថយន្ដដឹកទំនិញ និងរថភ្លើង បានឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ មុននឹងកូរ៉េខាងជើង ប្រកាសចាត់វិធានការទប់ស្កាត់កុំឱ្យវីរុសកូរ៉ូណាថ្មី ឆ្លងចូលក្នុងប្រទេសរបស់ខ្លួន... ដូច្នេះខ្ញុំសង្ស័យថា អ្នកជំងឺជាជនជាតិចិន ម្នាក់ ទំនងជាបានចម្លងវីរុសនេះចូលក្នុងខ្លួននរណាម្នាក់ មកពីកូរ៉េខាងជើង ដែលឆ្លងព្រំដែនរវាងប្រទេសទាំងពីរ»។
គួរជម្រាបថា កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបិទព្រំដែនរបស់ខ្លួនមិនឱ្យជនបរទេសចូល ជាវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា កាលពីពេលថ្មីៗនេះ តែទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានចាត់វិធានការបែបនេះដែរ កំឡុងការផ្ទុះឡើងនៃវីរុសអេបូឡា កាលពីឆ្នាំ២០១៤។ ម្យ៉ាងវិញទៀត កាលពីថ្ងៃទី៣០ ខែមករា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា អាជ្ញាធរទីក្រុងព្យុងយ៉ាងបានប្រកាស «ភាពអាសន្នថ្នាក់ជាតិ» ជាមួយការបង្កើតអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅទូទាំងប្រទេសផងដែរ ហើយរហូតដល់ថ្ងៃចន្ទកន្លងទៅនេះទើប KCNA បញ្ជាក់ថា រាល់មនុស្សដែលធ្វើដំណើរចូលមកក្នុងកូរ៉េខាងជើង ក្រោយថ្ងៃទី១៣ ខែមករា នឹងត្រូវដាក់ឱ្យនៅក្រោមការត្រួតពិនិត្យសុខភាព។
យ៉ាងណាក៏ដោយ វិធានការទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាថ្មី បានបង្កជាការសង្ស័យនៅក្នុងចំណោមក្រុមអ្នកជំនាញមួយចំនួនដូចជាលោក Nam Sung-wook ថាតើវិធានការរបស់អាជ្ញាធរកូរ៉េខាងជើង ពិតជាទទួលបានផលមែនដែរឬទេ ខណៈប្រព័ន្ធផ្សព្វផ្សាយ ឬព័ត៌មាននៅក្នុងប្រទេសឯកោបំផុតជាងគេ នៅលើលោកមួយនេះត្រូវបានរឹតត្បិតយ៉ាងខ្លាំង៕