(បរទេស)៖ ក្រុមហ៊ុនស្មាតហ្វូនកំពូលៗរបស់ចិនគឺ Huawei, Xiaomi, Oppo, និង Vivo កំពុងចាប់ដៃគូគ្នាសហការបង្កើតកម្មវិធីលក្ខណៈជា App Store រួមមួយហៅថា Global Developer Service Alliance (GDSA)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន The Verge នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០០២។
ព័ត៌មានខាងលើត្រូវបានចុះផ្សាយដំបូងដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ GDSA នឹងអនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីទូរស័ព្ទ ដែលនៅក្រៅប្រទេសចិនអាចអាប់ឡូដ App នៅលើនោះ ហើយវាបង្ហាញចេញព្រមៗគ្នាតែម្តងនៅលើគ្រប់ App Store ដាច់ដោយឡែករបស់ក្រុមហ៊ុនទាំងបួន។ GDSA ត្រូវអ្នកវិភាគមើលឃើញថា នឹងជួយក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនទាំងបួន ប្រកួតប្រជែងជាមួយកម្មវិធី App Store របស់ក្រុមហ៊ុនអាមេរិក Google ហៅថា Play Store ដែលកំពុងគ្រប់គ្រងទីផ្សារស្មាតហ្វូន ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android។
របាយការណ៍របស់ Reuters បានកត់សម្គាល់ថា ក្រុមហ៊ុនទាំង ០៤ មានការឈរជើងយ៉ាងរឹងមាំនៅតាមតំបន់ផ្សេងៗគ្នា ដូចជា Xiaomi មានអ្នកគាំទ្រខ្លាំងនៅឥណ្ឌា ខណៈ Vivo និង Oppo គឺនៅខាងតំបន់អាស៊ីអាគ្នេយ៍ រីឯ Huawei វិញមានការពេញនិយមនៅតំបន់អឺរ៉ុប និងចិនផ្ទាល់។ មួយវិញទៀត បើក្រឡេកមើលទៅលើការលក់ស្មាតហ្វូន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ក្រុមហ៊ុនទាំងបួនទទួលបន្ទុករហូតដល់ទៅជិត ៤០ភាគរយនៃទីផ្សារពិភពលោក។
គួរជម្រាបថា ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនចិនទាំងបួន ការក្តោបក្តាប់ទីផ្សារអន្តរជាតិរបស់កម្មវិធី Play Store គឺជាបញ្ហាដ៏ធំសម្រាប់ Huawei ដែលបានបាត់បង់សិទ្ធិប្រើប្រាស់កម្មវិធី និងសេវាកម្មផ្សេងៗរបស់ Google កាលពីឆ្នាំមុន ដោយសារបម្រាមរដ្ឋាភិបាលអាមេរិក។ ព្រោះតែបញ្ហានេះ ក្រុមហ៊ុន Huawei កន្លងមកបានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍប្រតិបត្តិការផ្ទាល់ខ្លួនហៅថា Harmony OS ព្រមទាំងធ្វើការវិនិយោគប្រមាណ ១ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍកម្មវិធី, ការទាក់ទាញអ្នកប្រើប្រាស់, និងផ្សព្វផ្សាយអំពីសេវាកម្ម Huawei Mobile Services (HMS) ដែលជាសំណុំកម្មវិធី និងសេវាកម្មដែល Huawei បង្កើតឡើងខ្លួនឯងផ្ទាល់ដើម្បីជំនួស Google៕