(ដាម៉ាស់)៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាយន្ដហោះចម្បាំងអ៉ីស្រាអែល F-16 បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់មីស៊ីលចំនួន៨គ្រាប់ លើគោលដៅជាច្រើន នៅឯជាយទីក្រុងដាម៉ាស់ ប៊ិះបាញ់ចំយន្ដហោះស៊ីវិលមួយគ្រឿងដឹកអ្នកដំណើរ១៧២នាក់។ នេះបើតាមការដកការផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះស៊ីវិលប្រភេទ Airbus-320 ដឹកអ្នកដំណើរ១៧២នាក់ខាងលើ ដំបូងឡើយបានព្យាយាមចុះចត នៅឯអាកាសយានដ្ឋាន ក្នុង ទីក្រុងដាម៉ាស់ កំឡុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ។ ប៉ុន្តែ យន្ដហោះនេះ ត្រូវបង្ខំចិត្តប្ដូរគោលដៅចុះចត ទៅកាន់ មូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeymim វិញ ដោយសារតែការវាយប្រហាររបស់យោធាអ៉ីស្រាអែល ដែលស្ទើរតែជិតបាញ់ទម្លាក់យន្ដហោះនេះទៅហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីម្នាក់ ក៏បានចោទប្រកាន់ដែរថា កងទ័ពអាកាសអ៉ីស្រាអែល ជារឿយៗតែងតែប្រើប្រាស់យន្ដហោះស៊ីវិល ដើម្បីឱ្យយន្ដហោះចម្បាំងរបស់ ខ្លួនលាក់ខ្លួននៅពីក្រោយ គេចចេញពីប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរី។
គួរជម្រាបថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានបណ្ដាលឱ្យកងទ័ពស៊ីរី៨នាក់ រងរបួស ហើយមូលដ្ឋានមួយចំនួនរងការបំផ្លិចបំផ្លាញ នៅឯជាយទីក្រុង ដាម៉ាស់ ខណៈបើតាមយោធាស៊ីរី ការវាយប្រហារដោយន្ដហោះចម្បាំងអ៉ីស្រាអែល គឺមានប្រភពចេញពីតំបន់ Golan Heights៕