(ប៉េកាំង)៖ លោកវេជ្ជបណ្ឌិត លី វិនលៀង (Li Wenliang) ដែលត្រូវបានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសចិនចាត់ទុកថា «ជាវីរៈបុរស» បន្ទាប់ពីបាន ព្រមានមុនគេពីការផ្ទុះឡើងនូវវីរុសមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS ក្នុងទីក្រុង វូហាន (Wuhan) បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃសុក្រនេះ ដោយសារវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
មរណភាពរបស់លោក Li Wenliang ត្រូវបានប្រកាសដោយមន្ទីរពេទ្យមជ្ឈិមវូហាន (Wuhan Central Hospital) ជាទីដែលលោកធ្លាប់ធ្វើការ។ មន្ទីរពេទ្យនេះបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែករបស់យើង គឺលោក Li Wenliang បានឆ្លងវីរុសកូរ៉ូណាថ្មី កំឡុងពេលបំពេញការងាររបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ... ហើយជាអកុសល លោកបានទទួលមរណភាពនៅម៉ោង ២៖៥៨នាទី រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះ»។
គួរជម្រាបថា លោក Li Wenliang ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសចិន ចាត់ទុកថា ជាវីរៈបុរសម្នាក់ សម្រាប់ការចេញមុខព្រមាន មុនគេពីការផ្ទុះឡើងនូវវីរុសក្នុងទីក្រុងវូហាន។
កាលពីខែធ្នូ ឆ្នាំ២០១៩ លោក Li បានបង្ហោះសារនៅក្នុងគ្រុបមួយ នៃបណ្ដាញទំនងទំនងសង្គម WeChat ថា អ្នកជំងឺ ០៧នាក់ មកពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែង នៅក្នុងទីក្រុងវូហាន ត្រូវបានគេពិនិត្យឃើញថា បានឆ្លងវីរុសម្យ៉ាងមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS ដែលបច្ចុប្បន្នត្រូវគេស្គាល់ជាសកលថា «វីរុសកូរ៉ូណាថ្មី» ហើយអ្នកទាំងនេះត្រូវបានគេយកទៅដាក់ នៅកន្លែងដាច់ឆ្ងាយពីគេឯង។ ប៉ុន្តែ ក្រោយការបង្ហោះនេះ ប៉ូលិសក្នុងតំបន់បានចោទលោកថា បានបង្ហោះពាក្យចចាមអារ៉ាមមិនពិត។ លោក Li បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១២ ខែមករា និងត្រូវបានគេធ្វើតេស្ដរកឃើញថា ឆ្លងវីរុសកូរ៉ូណាថ្មីនៅថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ៕