(ប៉េកាំង)៖ ចិនកំពុងពិចារណាលើកពេលកិច្ចប្រជុំសភាប្រចាំឆ្នាំ ខណៈកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ដែលបង្ខំឱ្យប្រទេសជាច្រើនចាត់វិធានការរឹតត្បិត លើការធ្វើដំណើរមកកាន់ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីចិន ដឹងពីគម្រោងលើកពេលកិច្ចប្រជុំ ប្រចាំឆ្នាំនៃសភាជាតិប្រជាជន (NPC)។ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងជួររដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «យើងកំពុងចាត់វិធានការសម្រួលការរៀបចំកាលបរិច្ឆេទនៃកិច្ចប្រជុំ... ប៉ុន្តែយើងក៏កំពុងពិភាក្សាគ្នាផងដែរ ពីជម្រើសជាច្រើន ខណៈស្ថានភាពនៃវីរុសកូរ៉ូណា ទំនងជាមិនអាចគ្រប់គ្រងបានទាំងស្រុងឡើយ នៅខែមីនាខាងមុខនេះ។ ដូច្នេះការពន្យារ ឬលើកពេលកិច្ចប្រជុំអាចនឹងស្ថិតនៅក្នុងជម្រើស»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV ក្នុងប្រទេសចិន បានកើនឡើងដល់ ៥៦៣នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង៕