(រ៉ូម)៖ មនុស្សពីរនាក់បានស្លាប់ និង ២៧នាក់ទៀតរងរបួស បន្ទាប់រថភ្លើងល្បឿនលឿនមួយខ្សែ បានរអិលធ្លាក់ចេញពីផ្លូវនៅក្នុងខេត្តឡូឌី (Lodi) ភាគខាងជើងប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងរ៉ូម) បន្ទាប់ពីរថភ្លើងបានចាកចេញពីទីក្រុងមីឡេន (Milan)។ ដោយឡែកមនុស្សស្លាប់ទាំងពីរនាក់នោះ គឺជាសុទ្ធតែជាអ្នកបម្រើការងារនៅលើរថភ្លើង ខណៈអ្នករងរបួសចំនួន ២៧នាក់គឺជាអ្នកដំណើរ ក្នុងនោះមួយចំនួនមានសភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើនេះកើតឡើង ខ្សែរថភ្លើងដែលរត់ពីទីក្រុង Milan និងតំបន់បូឡុកណា (Bologna) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ សម្រាប់មូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕