(គូឡាឡាំពួ)៖ អាជ្ញាធរម៉ាឡេស៊ីនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីករណីដំបូង នៃការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅក្នុងស្រុកផ្ទាល់ ដោយអ្នកជំងឺម្នាក់នោះបានឆ្លងពីបងប្រុសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី ដាហ្សាល់ខេហ្វលី អាហ៍ម៉េដ (Dzulkefly Ahmad) បានរៀបរាប់ថា ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់នោះមានអាយុ ៤០ឆ្នាំ បានឆ្លងវីរុសកូរ៉ូណាថ្មីពីបងប្រុស នៅពេលពួកគេបានជួបជុំគ្នាអបអរពិធីបុណ្យចូលឆ្នាំចិន នៅឯស្រុកកំណើតកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ យ៉ាងណាមិញសម្រាប់ស្វាមី និងកូនៗពីរនាក់របស់គាត់ត្រូវបានធ្វើតេស្តឃើញថា គ្មានផ្ទុកវីរុសឡើយ។ បងប្រុសគាត់វិញ គឺជាជនជាតិម៉ាឡេស៊ីដំបូង ដែលបានឆ្លងវីរុសកូរ៉ូណា 2019-nCoV បន្ទាប់ពីគាត់បានស្នាក់នៅប្រទេសសិង្ហបុរី កាលពីចន្លោះថ្ងៃទី១៦-២៣ ខែមករា ឆ្នាំ២០២០ ដើម្បីចូលរួមកិច្ចប្រជុំក្រុមហ៊ុនអន្តរជាតិមួយ នៅសណ្ឋាគារហ្គ្រែនហាយ៉ាត (Grand Hyatt) ដែលមានជនជាតិចិនចូលរួមដែរ។

ក្នុងកិច្ចប្រជុំនោះ គឺមានអ្នករស់នៅសិង្ហបុរីផ្ទាល់ចំនួន ១៥នាក់ និង ៩៤នាក់ទៀតមកពីក្រៅប្រទេស ខណៈពួកគេជាបុគ្គលិករបស់ក្រុមហ៊ុនតែមួយ។ ក្រៅពីបុរសជនជាតិម៉ាឡេស៊ីខាងលើ ជនជាតិកូរ៉ូខាងត្បូង ០២នាក់ ដែលបានទៅចូលរួមកិច្ចប្រជុំក៏ត្រូវបានធ្វើតេស្តរកឃើញវីរុស នៅប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈអ្នករស់នៅសិង្ហបុរី ០៤នាក់ ដែលបានចូលរួមកិច្ចប្រជុំនោះបានបង្ហាញរោគសញ្ញាសង្ស័យ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ត។

គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះ ម៉ាឡេស៊ីក៏បានប្រកាសពីការរកឃើញ អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីមួយករណីទៀតផងដែរ គឺជាអ្នកទេសចរជនជាតិចិនមកពីទីក្រុងវូហាន (Wuhan)។ ប្រការនេះធ្វើឲ្យចំនួនអ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV នៅក្នុងប្រទេសម៉ាឡេស៊ីកើនដល់ ១៤ករណី៕