(វ៉ាស៊ីនតោន)៖ យន្តហោះពិសេស២គ្រឿងផ្ទុកពលរដ្ឋអាមេរិកប្រមាណ៣៥០នាក់ បានមកដល់មូលដ្ឋានយោធាមួយកន្លែងនៅរដ្ឋ California នាថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីពួកគេត្រូវបានជម្លៀសចេញពីក្រុង Wuhan របស់ប្រទេសចិន ដែលជាកន្លែងផ្ទុះខ្លាំងនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

យន្តហោះទាំងពីរគ្រឿងនោះបានមកដល់មូលដ្ឋានទ័ពអាកាសអាមេរិក Travis ដែលនៅចន្លោះទីក្រុង San Francisco និង Sacramento ហើយមួយគ្រឿងក្នុងចំណោមនោះ ត្រូវបន្តដំណើរទៅកាន់ មូលដ្ឋានយោធាមួយទៀតគឺ Miramar នៅទីក្រុង San Diego។ ពលរដ្ឋអាមេរិក ទាំង៣៥០នាក់នោះ នឹងត្រូវស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមូលដ្ឋានទ័ពទាំងពីរកន្លែង ដើម្បីតាមដានសុខភាព១៤ថ្ងៃ។ កាលពីចុងខែមុន រដ្ឋាភិបាលអាមេរិកក៏បានជម្លៀសពលរដ្ឋខ្លួនជិត២០០នាក់ ដែលភាគច្រើនជាមន្រ្តីកិច្ចការទូត និងគ្រួសារពួកគេ ចេញក្រុង Wuhan ហើយយកមកកាន់មូលដ្ឋានទ័ពអាកាស March ដែលនៅភាគខាងកើតទីក្រុង Los Angeles នៃរដ្ឋ California ផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ ករណីវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV នៅសហរដ្ឋអាមេរិក មានចំនួន១១ករណី ដោយ ក្នុងនោះមាន២នាក់ ជាករណីឆ្លងពីមនុស្សទៅមនុស្សនៅអាមេរិកផ្ទាល់។ កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នផ្នែកសុខាភិបាលសម្រាប់ការរីករាលដាលនៃវីរុសនេះ ហើយបានប្រកាសចំណាត់ការទប់ស្កាត់ ពិសេសៗ រួមមានការហាមជនបរទេសដែលធ្លាប់ទៅដំណើរទៅចិនកំឡុងមួយរយៈចុងក្រោយនេះ មិនចូលដីអាមេរិក ការហាមពលរដ្ឋអាមេរិកមិនឲ្យធ្វើដំណើរទៅចិន និង ការបិទជើងហោះហើរជាមួយប្រទេសចិន ជាដើម៕