(ប៉េកាំង)៖ ចិនបានសម្រេចរួចហើយថា នឹងកាត់បន្ថយពន្ធពាក់កណ្តាល លើទំនិញនានារបស់សហរដ្ឋអាមេរិក ដែលមានតម្លៃប្រមាណ ៧៥ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNBC នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងហិរញ្ញវត្ថុចិននាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អត្រាពន្ធលើទំនិញមួយចំនួនរបស់អាមេរិក នឹងត្រូវកាត់បន្ថយពាក់កណ្តាល គឺពីអត្រា ១០ភាគរយចុះមកនៅត្រឹម ៥ភាគរយ និងមួយចំនួនទៀតពី ៥ភាគរយមកនៅត្រឹម ២.៥ភាគរយជាដើម ហើយគោលការណ៍នេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែមិនមានការបញ្ជាក់ថា ជាពេលវេលានៅសហរដ្ឋអាមេរិក ឬក៏នៅចិនឡើយ។

ទំនិញនានារបស់អាមេរិកដែលទំហំជាទឹកប្រាក់ ៧៥ពាន់លានដុល្លារ ត្រូវបានចិនសម្រេចដំឡើងពន្ធកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ អំឡុងពេលដែលអាមេរិក និងចិនកំពុងប្រយុទ្ធគ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការបន្ថយអត្រាពន្ធនេះ គឺដើម្បីជួយជំរុញការកសាងទំនាក់ទំនងល្អ នៅក្នុងវិស័យពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ចរវាង ចិន និងសហរដ្ឋអាមេរិក។

គួរជម្រាបថា អំឡុងការធ្វើសង្រ្គាមពាណិជ្ជកម្ម ចិន និងអាមេរិកបានដំឡើងពន្ធដាក់គ្នា លើទំនិញដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ប៉ុន្តែកាលពីខែមករាកន្លងទៅនេះ ប្រទេសទាំងពីរទើបតែសម្រេចបាន «កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១» ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លះៗ៕